ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក លឹម រតនៈ អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធអញ្ជើញ និងលោក ប៉ែន វុទ្ធី អនុប្រធាន នាយកដ្ឋានអប់រំកាយ និងកីឡា បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា ដល់សិក្ខាកាមចំនួន ៤០ នាក់ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅនាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ នៃពហុកីឡដ្ឋានជាតិ អូឡាំពិក។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានមានប្រសាសន៍ថាៈ យោងតាមផែនការប្រចាំឆ្នាំ ក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿន ការអភិវឌ្ឍវិស័យកីឡាតេក្វាន់-ដូ ITF ក៏ដូចយោងតាម របត់ថ្មីរបស់ សហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ តម្រូវឲ្យគ្រូបង្ហាត់កីឡាករ-កីឡាការិនី បណ្តាលប្រទេសជាសមាជិកទាំងអស់ ត្រូវមានលិខិតបញ្ជាក់ការសិក្សា ពាក់ព័ន្ធនឹងការ ប្រឆាំងដូប៉ា ក្នុងវិស័យកីឡា (Anti-Doping E-learning Certificate) ទើបអាចអនុញ្ញាតឲ្យគ្រូបង្ហាត់ កីឡាករ-កីឡាការិនី ចូលរួមប្រកួតលក្ខណៈអន្តរជាតិ រួមមាន ការប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ី និងការប្រកួតជ្រើសរើសជើងឯកពិភពលោក និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលរៀបចំដោយសហពន្វ័អន្តរជាតិ។

លោកបានបន្តថាៈ ចំពោះវគ្គសិក្សា ស្ថិតក្នុងគម្រោងវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ ដោយហេតុថា សហព័ន្ធមានភាពមមាញឹក ទើបកម្មវិធីបណ្តុះបណ្តាលនេះ ត្រូវពន្យារពេល រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ។គ្រូបង្ហាត់ កីឡាករ-កីឡាការិនី និងអ្នកពាក់ព័ន្ធ បានយល់ច្បាស់ អំពីអ្វីជាសារធាតុហាមឃាត់ ក្នុងវិស័យកីឡា និងឲ្យកីឡាករ-កីឡាការិនី ជៀសវាងក្នុងការប្រើបា្រស់សារធាតុ ត្រូវគេហាមឃាត់ ដែលធ្វើឲ្យខូចសុខភាព ការបាត់បង់អាជីព តាមរយៈការហាមឃាត់ ការប្រកួតអស់មួយជីវិត ខូចកិត្តិយសខ្លួនឯង ក៏ដូចជាកិត្តិយសជាតិជាដើម។

លោកបានបន្ថែមថាៈ សម្រាប់វគ្គបណ្តុះបណ្តាល ស្តីពីការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា មានសិក្ខាកាម ចូលរួមចំនួន ៣៤ នាក់ ក្នុងនេះ ប្រុសចំនួន ២៤ នាក់ ស្រីចំនួន ១០ នាក់។ លោកគ្រូឧទ្ទេសទាំង ២ នាក់ របស់នាយកដ្ឋានកាដា មានកម្រិតជំនាញវិជ្ជាជីវៈខ្ពស់ និងមានគរុកោសល្យខ្ពស់ ក្នុងការផ្ទេរចំណេះដឹង ដល់សិក្ខាកាមរបស់សហព័ន្ធកីឡា តេក្វាន់ដូ ITF ចូលរួមក្នុងវគ្គសិក្សាទទួលបានចំណេះដឹង និងបានប្រឡងជាប់ជាស្ថាបពរ នូវតេស្តក្នុងប្រព័ន្ធ ADEL (ទទួលវិញ្ញាបនបត្រ Anti-Doping E-Learning certificate)។ សិក្ខាកាមទាំង ៣៤ រូបចូលរួមវគ្គបណ្តុះបណ្តាល ប្រកបដោយ ជោគជ័យ និងបានប្រឡងតេស្ត ADEL ជាប់ជាស្ថាពរ ស្មើនឹង ១០០ ភាគរយ នៃសិក្ខាកាមចូលរួម ៕ V / N