ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារ បានយ៉ាងល្អ ក្នុងខែមករា ពិសេស គឺការផ្ដល់ប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋជិត ១.៣០០ គ្រួសារ នៅបុរីកីឡា របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលនេះជាការទទួលខុសត្រូវខ្ពស់ របស់អាជ្ញាធរ ហើយក៏ជាការវាយបក ចំពោះការឃោសនាភូតកុហក របស់ពួកអគតិមួយចំនួនផងដែរ។

ការកោតសរសើរបែបនេះ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំ សាមញ្ញ​លេីកទី​៤៥​ របស់ក្រុមប្រឹក្សា​រាជធានីភ្នំពេញ​អាណត្តិទី​៣ ក្រោមអធិបតីភាព​លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា​រាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​នាព្រឹកថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ជិត ១.៣០០ គ្រួសារ រស់នៅក្នុងអគារបុរីកីឡា ទាំង ៨ អគារនេះ មិនត្រឹមតែ​ ទទួលបានប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជូនពួកគាត់ប៉ុណ្ណោះទេ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវបានសម្រេច ផ្តល់ការលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ថែមទៀតផង ដោយពន្ធអាករទាំងនេះ ជាបន្ទុករបស់រដ្ឋ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានសរសើរ ផងដែរ ចំពោះការខិតខំរបស់​មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលបានជំរុញគ្រប់មុខសញ្ញា សាធារណការបានល្អប្រសើរ ធ្វើឱ្យរាជធានីភ្នំពេញ​មានសោភ័ណភាព ស្រស់បំព្រង ពិសេសក្នុងការត្រៀមចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ខាងមុខនេះ។

លោក ម៉ប់ សារិន បានលើកឡើងទៀតថាៈ កម្លាំងមានសមត្ថកិច្ច បានខិតខំប្រឹងប្រែង លើការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង បាន ៧៨ ករណី ឃាត់ខ្លួនបាន ១៣៦ នាក់​នៅក្នុងខែមករានេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកសំណូមពរ ឱ្យសមត្ថកិច្ចលើក កម្ពស់ទប់ស្កាត់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាប្រពៃណី ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានខ្លាំងក្លាបន្ថែមទៀត។

លោកបានបន្តថាៈ ចំពោះគ្រោះថ្នាក់អគ្គិភ័យ ក្នុងខែមករា ឆ្នាំ២០២៣ នេះ បានកើតមាន ១៩/៦ ករណី កើន ១៣ លើក ។ លើករណីនេះ លោកសំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋាន ធ្វើការផ្សព្វផ្សាយអប់រំ បង្ការ ប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ នៅរដូវប្រាំងនេះ។

ចំពោះគ្រោះអគ្គិភ័យនេះ លោក កើត ឆែ​ បានមានប្រសាសន៍ថាៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យសមត្ថកិច្ចអគ្គិភ័យ នាំយករថយន្តពន្លត់អគ្គិភ័យ មួយចំនួន នៅការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ ជិតហ្គេនភ្នំពេញ មកដាក់នៅទីតាំងក្បែរវត្តបទុមវតី ខណ្ឌដូនពេញ ដើម្បីងាយស្រួល ក្នុងការជួយអន្តរាគមន៍ គ្រោះអគ្គិភ័យនេះ និងបានជំរុញឱ្យអាជ្ញាធរខណ្ឌ សមត្ថកិច្ចមូលដ្ឋាន ផ្សព្វផ្សាយអប់រំ ដើម្បីរួមគ្នា បង្ការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ចំពោះអគ្គិភ័យ នៅរដូវប្រាំងនេះ៕ V / N