​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ក្រុមការងារ​ទប់ស្កាត់​មេរោគ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​កុម្ភៈ​ថា​សិង្ហ​បុរី​នឹង​ទម្លាក់ចោល​លក្ខខណ្ឌ​តម្រូវ​សម្រាប់​​អ្នកដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ដើម្បី​បង្ហាញ​លទ្ធផល​តេស្តិ៍​កូវី​ដឬ​ទិញ​ធានា​រ៉ាប់រង​លើ​ការធ្វើដំណើរ​សម័យ​កូវី​ដ ចាប់ពី​ថ្ងៃទី ១៣ ខែ​កុម្ភៈ​តទៅ​។​

​ក្រសួង​សុខាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ម៉ាស់​នឹង​មិន​ត្រូវ​តម្រូវ​ឱ្យ​ពាក់​នៅ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​នោះ​ទេ​ខណៈ​អាជ្ញាធរ​បាន​បន្ថយ​កម្រិត​ឆ្លើយតប​នឹង​​ជំងឺ​កូវី​ដ​ពី “​ពណ៌​លឿង​”​ទៅជា “​បៃតង​” ដែល​នេះ​បង្ហាញថា កូ​វីដ​មិនមែន​ជា​ការគំរាមកំហែង​នោះទេ​។​

​ទោះយ៉ាងណា ម៉ាស់​នឹង​នៅតែ​តម្រូវ​ជា​ចាំបាច់​នៅក្នុង​ទីតាំង​ថែទាំ​សុខភាព កន្លែង​ដែល​មាន​អន្តរ​កម្ម​ជាមួយ​អ្នកជំងឺ និង​នៅក្នុង​តំបន់​ដែល​ប្រឈម​មុខ​នឹង​អ្នកជំងឺ​នៅ​ខាងក្នុង​អគារ​។​

​លោក ឡ​រិន វង់ (Lawrence Wong) ឧបនាយករដ្ឋមន្ត្រី​និង​ជា​សហប្រធាន​នៃ​ក្រុមការងារ​ទប់ស្កាត់​មេរោគ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ស្ថានភាព​កូ​វីដ​របស់​យើង​​នៅតែ​មាន​ស្ថិរភាព​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បើទោះបីជា​មាន​ការកើនឡើង​នៃ​អ្នកដំណើរ​នៅ​ចុងឆ្នាំ និង​ការផ្លាស់ប្តូរ​របស់​ចិន​ពី​នយោបាយ​កូ​វីដ​សូន្យ​ក៏ដោយ​”​។

​លោក​បាន​និយាយថា “​ប្រជាជន​របស់​យើង​បាន​អភិវឌ្ឍ​នូវ​ភាពស៊ាំ​កូនកាត់​កម្រិត​ខ្ពស់​”​។​

​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​បានបង្ហាញ​ថា ប្រហែល ៨០ ភាគរយ​នៃ​ប្រជាជន ៥,៦ លាន​នាក់​របស់​រដ្ឋ​ទីក្រុង​នេះ បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​អប្បបរមា​ហើយ​ប្រហែល​ពាក់កណ្តាល​គឺ​ទទួល​​បានដូស​ជំរុញ​ថ្មី​បំផុត​។​

​លោក​វង់​និយាយថា “​យើង​ត្រូវតែ​ដោះស្រាយ​ជាមួយនឹង​ខ្សែកោង​និង​ការភ្ញាក់ផ្អើល​មិន​នឹកស្មាន​ដល់​ជាច្រើន​នៅ​តាម​ផ្លូវ​កន្លងមក​។ ប៉ុន្តែ​យើង​អាចឈាន​ទៅ​ដល់​ចំណុច​នេះ​ជាមួយគ្នា ពីព្រោះ​យើង​ទាំងអស់គ្នា​បាន​រួមចំណែក​ទាំងអស់​គ្នា​”​។​

​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នេះ​រំពឹង​ថា​វិស័យ​ទេសចរណ៍​នឹង​ងើប​ឡើង​វិញ​ដល់​កម្រិត​មុន​ជំងឺ​រាតត្បាត​នៅត្រឹម​ឆ្នាំ ២០២៤៕

​អ្នកទេសចរ​ថតរូប​នៅមុខ​សួន Merlion ក្នុងប្រទេស​សិង្ហ​បុរី