ដោយៈ សរិទ្ធ / ភ្នំពេញ៖ ស្ត្រីវ័យក្មេងម្នាក់ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទ័ណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនមកកាន់អយ្យការ អមសាលាដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសាកសួរករណីពាក់ព័ន្ធបទល្មើស ចេញសែកអត់លុយ ៣០ មុឺនដុល្លារ សងទៅម្ចាស់បំណុល ។

ស្ត្រីវ័យក្មេងម្នាក់នេះ ឈ្មោះ សិទ្ធិគុណ សក្តិនិតា អាយុ ២៧ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ បុរីពិភពថ្មី ចំការដូង១ ផ្ទះលេខ៧៩E០ និង E១ ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ការចាប់ខ្លួនស្ត្រីអាជីវករ ខាងលើនេះ​ ត្រូវបានសមត្ថកិច្ច បង្ហើបឲ្យដឹងថា ជាការអុវត្តតាម ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ និងយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាម្ចាស់បំណុល ។

ឈ្មោះ សិទ្ធិគុណ សក្តិនិតា ដែលជាមនុស្សរាប់អានជាមួយដើមបណ្តឹង ហើយបានទៅ ពឹងពាក់រកខ្ចីលុយ ចំនួន ៣០ ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅពង្រីកមុខរបររកស៊ី ហើយឈ្មោះ សិទ្ធិគុណ សក្តិនិតា និយាយបញ្ជាក់ប្រាប់ ដើមបណ្តឹងថា ឆក់លុយបងឯង តែរយៈពេល​ ២០ ថ្ងៃប៉ុណ្ណោះ គេនឹងបង្វិលសងវិញហើយ ។ លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា បានចេញមូលប្បទានប័ត្រ (សែក)១សន្លឹករបស់ ធនាគារ ដែលមានទឹកប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹង ដើម្បីទូទាត់ប្រាក់ លើបំណុលនោះវិញ ។ ប៉ុន្តែដល់ថ្ងៃកំណត់ នៅពេលដើមបណ្តឹង បាន យកមូលប្បទានបត្រនោះ ទៅបើកប្រាក់ នៅធនាគារ ស្រាប់តែខាងធនាគារ ឆ្លើយតបថា មូលប្បទានប័ត្រនេះ គ្មានសាច់ប្រាក់ទេ ពេលនោះ ដើមបណ្តឹង ក៏បានទំនាក់ទំនងទៅ ឈ្មោះ សិទ្ធិគុណ សក្តិនិតា ប៉ុន្តែទាក់ទងមិនបានរហូត ទើបដើមបណ្តឹងសម្រេចចិត្ត ដាក់ពាក្យប្តឹងទៅសមត្តកិច្ច ដើម្បីឲ្យជួយចាត់ការ តាមផ្លូវច្បាប់ ។

ករណីដូចបានបញ្ជាក់ តាមអង្គហេតុខាងលើនេះហើយ ទើបបានសមត្ថកិច្ចនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនស្ត្រីអាជីវកររូបនោះ បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ V / N