ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ បន្តយកចិត្តទុកដាក់ ការពារនូវសិទ្ធិ សេចក្តីថ្លៃថ្នូរ និងអត្ថប្រយោជន៍ ជូនដល់បងប្អូនកម្មករ និយោជិត ទាំងក្នុង និងក្រៅប្រទេស ឱ្យបានល្អប្រសើរ។

លោក ហេង សួរ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដល់សមាជិក សមាជិកា ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោកបានប្រាប់ដល់សមាជិក សមាជិកា ស.ស.យ.ក. ត្រូវបន្តយកចិត្តទុកដាក់លើការ ចូលរួម និងវប្បធម៌ នៃការចែករំលែក ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តផែនការ យុទ្ធសាស្រ្តយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ និងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញ នូវសេដ្ឋកិច្ចជាតិ ពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ សំដៅចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

លោក ហេង សួរ បានគូសបញ្ជាក់ថាៈ កន្លងទៅនេះ ស.ស.យ.ក. វិស័យ បានសហការ ជាមួយ ស.ស.យ.ក. ថ្នាក់កណ្តាល ស.ស.យ.ក. រាជធានីភ្នំពេញ និងអង្គភាព ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងដៃគូសង្គម ក្នុងការអនុវត្តនូវសកម្មភាពចូលរួមប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩, សកម្មភាពមនុស្សធម៌, ការអនុវត្តគម្រោង “ I Care You​ ” ដែលជាគម្រោងរបស់ ស.ស.យ.ក. វិស័យផ្ទាល់ និងសកម្មភាពផ្សេងៗ ទៀត ដែលទទួលបានលទ្ធផល ជាទីគាប់ចិត្ត ហើយលទ្ធផលនេះ​ ពិតជាបានចូលរួម ឆ្លើយតបទៅនឹងសកម្មភាពជាយុទ្ធសាស្រ្ត និងគោលបំណងរបស់ ស.ស.យ.ក.។

ពាក់ព័ន្ធក្នុងរឿងនេះដែរ លោក ហេង សួរ បានផ្តាំផ្ញើឱ្យសមាជិក សមាជិកា ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវ នូវស្មារតីនៃលទ្ធផល សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធ យុវជនកម្ពុជា ឲ្យទទួលបានជោគជ័យផងដែរ។

គួរបញ្ជាក់ថា ក្រៅពីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត មហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេស របស់ស.ស.យ.ក. អង្គប្រជុំ ក៏បានបូកសរុបលទ្ធផលការងារ កន្លងមក ដល់ឆ្នាំ២០២២ ដើម្បីដាក់ចេញនូវទិសដៅអាទិភាព សម្រាប់អនុវត្តការងារបន្ត នៅឆ្នាំ២០២៣ ឱ្យស្របទៅនឹងផែនការសកម្មភាព និងទិសដៅការងាររបស់ ស.ស.យ.ក.៕ V / N