ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ ទោះបីជាសហរដ្ឋអាម៉េរិកតវ៉ាចិនចំពោះការក្លែងបន្លំបាឡុងចារកម្មថាជាបាឡុងអាកាសធាតុក៏ដោយ ក៏ប៉ុន្តែជាក់ស្តែងអស់ជាច្រើនទសវត្សរ៍មកនេះ មន្ទីរបញ្ចកោណបានធ្វើដូចចិនដែរ ជាផ្នែកនៃកម្មវិធីមួយដែលមានតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ដែលរួមបញ្ចូលការបង្ហោះបាឡុងលើសាធារណរដ្ឋប្រជាមានិតចិន។
ក្រុមមន្ត្រីអាម៉េរិកបានអះអាងថា បាឡុងកម្ពស់ខ្ពស់របស់ចិនដែលគេបាញ់ទម្លាក់នៅឆ្នេរសមុទ្រអាត្លង់ទិករបស់សហរដ្ឋអាម៉េរិកកាលពីចុងសប្តាហ៍មុន បានផ្ទុកនូវឧបករណ៍ត្រួតពិនិត្យទំនាក់ទំនង និងជាផ្នែកមួយនៃកម្មវិធីហោះហើរជុំវិញពិភពលោកដើម្បីឈ្លបយកការណ៍លើប្រទេសដទៃទៀត។ រដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា វាជាបាឡុងវិទ្យាសាស្ត្រស៊ីវិល ដែលអ្នកស្រាវជ្រាវបាត់បង់ការគ្រប់គ្រង។
ការពិតអំពីបញ្ហានេះនៅតែមិនទាន់ដឹង ដោយហេតុថាអាម៉េរិកមិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់ពួកគេរហូតមកទល់ពេលនេះ។ ទោះយ៉ាងណា មានភស្តុតាងជាច្រើនបង្ហាញថា មន្ទីរបញ្ចកោណបានដំណើរការកម្មវិធីដូចគ្នាបេះបិតក្នុងអំឡុងសង្គ្រាមត្រជាក់ ហើយបានចំណាយប្រាក់រាប់ពាន់លានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទៅក្នុងគម្រោងបាឡុងថ្មី។
– គម្រោងបាឡុងជេនេទ្រិច (Genetrix)
កម្មវិធីមួយ ដែលចាប់ផ្តើមក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ត្រូវគេហៅថា គម្រោងបាឡុងជេនេទ្រិច ដែលក្នុងនោះព័ត៌មានលម្អិតត្រូវបានដឹងជាសាធារណៈបន្ទាប់ពីការិយាល័យឈ្លបយកការណ៍ជាតិ (NRO) បានបោះពុម្ពសៀវភៅមួយក្បាលអំពីយានចារកម្មលើអាកាសរបស់មន្ទីរបញ្ចកោណក្នុងឆ្នាំ ២០១២។
កម្មវិធីនេះជាផ្នែកផ្លូវការនៃគម្រោងអង្កេតឧតុនិយមពិភពលោកហៅថា International Geophysical Year ប៉ុន្តែតាមពិតវាមានគោលបំណងប្រមូលព័ត៌មានជាច្រើនអំពីប្រទេសកុម្មុយនីស្ត រួមទាំងការធ្វើតេស្តិ៍អាវុធនុយក្លេអ៊ែរ ក៏ដូចជារូបថតលម្អិតនៃផ្ទៃដីរាប់លានគីឡូម៉ែត្រការ៉េនៃប្រទេសចិន និងសហភាពសូវៀត។
ចន្លោះថ្ងៃទី ១០ ខែមករាដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ១៩៥៦ កម្មវិធី Genetrix បានបង្ហោះបាឡុងកម្ពស់ខ្ពស់ចំនួន ៥១៦ ពីកន្លែងបង្ហោះចំនួនប្រាំក្នុងប្រទេសណាតូ គឺ ហ្គាដឺមឹន (Gardermoen) ប្រទេសន័រវែស, អេវ៉ានតុន (Evanton) ស្កុតឡែន, អូបឺបថាថេនហូហ្វិន (Oberpfaffenhofen) និង ជីបែលស្តាត (Giebelstadt) នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និង អ៊ីនសឺលីក (Incirlik) តួកគី។ ទោះយ៉ាងណាមានតែបាឡុងចំនួន ៥៤ ប៉ុណ្ណោះត្រូវបានយកមកវិញ ហើយមានតែ ៣១ ប៉ុណ្ណោះដែលផ្តល់រូបថតដែលអាចប្រើបាន។
បាឡុងភាគច្រើនត្រូវបានប្រមូលយកដោយចិននិងសហភាពសូវៀត ហើយហ្វីលពិសេស ដែលពួកគេប្រើ ដែលមានសភាពរឹងប្រឆាំងនឹងវិទ្យុសកម្មខ្ពស់ និងសីតុណ្ហភាពទាបនៅបរិយាកាសខាងលើ ក្រោយមកត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីអវកាសសូវៀត ដើម្បីថតរូបផ្នែកឆ្ងាយនៃឋានព្រះចន្ទជាលើកដំបូង៕
ចន្លោះថ្ងៃទី ១០ ខែមករាដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ១៩៥៦ កម្មវិធី Genetrix បានបង្ហោះបាឡុងកម្ពស់ខ្ពស់ចំនួន ៥១៦ ពីកន្លែងបង្ហោះចំនួនប្រាំក្នុងប្រទេសជាសមាជិកអង្គការណាតូ