ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារ ឱ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ និងការការពារប្រតិភូ កីឡាករ-កីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាដើម ដើម្បីធ្វើយ៉ាងណា ឱ្យព្រឹត្តិការណ៍ប្រកួតកីឡានេះ ទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម បានណែនាំបែបនេះ​ នៅពេលសម្តេច អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និង កីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជា បានរៀបចំធ្វើជា ម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយរលូន និងទទួល បានជោគជ័យ យ៉ាងត្រចះត្រចង់ផងដែរ។ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និង កីឡាជនពិការ នឹងប្រារព្ធឡើង នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ ហើយក៏ជាព្រឹត្តិការណ៍ ជាប្រវិត្តិសាស្ដ្រមួយ សម្រាប់ប្រទេសកម្ពុជា និងក៏ជាលើកដំបូង បន្ទាប់ពីកម្ពុជា ចូលជាសមាជិកសមាគម នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

សម្ដេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី ក៏បានធ្វើការផ្ដាំផ្ញើ ដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការពង្រឹងច្រកចេញ-ចូល ទាំងផ្លូវអាកាស និងផ្លូវគោក ឱ្យបានម៉តចត់ និងត្រឹមត្រូវបំផុត ព្រោះមានភ្ញៀវទេសចរ និងអ្នកវិនិយោគ ចេញ-ចូលច្រើន មកកាន់ ព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម បានបន្ថែមថាៈ គោលដៅសំខាន់ គឺការពារព្រឹត្តិការណ៍នេះ ឱ្យបានល្អ និងទទួលបានជោគជ័យ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា ព្រមទាំងទាក់ទាញ ភ្ញៀវទេសចរ បន្ថែមទៀត មកកាន់កម្ពុជា។

ចំណែកលោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានធ្វើរបាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡា អាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជន ពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ថាៈ ត្រូវធានាដាច់ខាត នូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ សន្ដិសុខ សម្រាប់ព្រឹត្តិការណ៍កីឡា ដើម្បីលើកកិត្យានុភាព របស់កម្ពុជា នៅលើឆាកអន្ដរជាតិ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានបន្ដថាៈ ចំពោះកងកម្លាំងការពារវិញ មានផែន ដូចជា ផែនសន្ដិសុខ ផែនបង្ក្រាបបទល្មើស ផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដោយប្រើប្រាស់ កម្លាំងសរុបចំនួន ១៥.៧០០ នាក់ ស្មើនឹង ១៥ អង្គភាព ព្រមទាំងកងកម្លាំងអន្ដរាគមន៍ ជាង ៤ពាន់នាក់ផងដែរ។

ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងអំណរគុណចំពោះ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលបានធ្វើរបាយការណ៍សង្ខេប ស្តីអំពីចំណុចសំខាន់ៗ ទាក់ទងទៅនឹងការដឹកនាំផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជន ពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ប្រារព្ធទៅដោយរលូន។

សូមបញ្ជាក់ថា​ បេីគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៨៤ ថ្ងៃទៀត ប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ៕​ V / N