ដោយៈយោធិន/ភ្នំពេញៈ វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតគ្រឿងផ្ទុះរយៈពេលមួយខែ ក្រោមកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្បទានពីសាធារណរដ្ឋបារាំង ត្រូវបានបិទបញ្ចប់ដោយជោគជ័យនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប. និង លោក ហ្សាក ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។


យោងតាមប្រសាសន៍ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបញ្ជាក់ថាៈ វគ្គហ្វឹកហ្វឹនជំនាញមូលដ្ឋានបោសសំអាតគ្រឿងផ្ទុះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតដល់សិក្ខាកាម រួមទាំងបំពេញបន្ថែមចំណុចខ្វះខាត សម្រាប់បង្កើនសមត្ថភាពឱ្យយល់ដឹងពីនីតិវិធីមូលដ្ឋានបោសសំអាតគ្រឿងផ្ទុះ ក្នុងការសម្រេចបេសកកម្មទាំងថ្នាក់ជាតិ និងអង្គការសហប្រជាជាតិ។ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចំនួន ៣០នាក់ ក្នុងនោះនារី ចំនួន២នាក់ ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងក្រសួងមហាផ្ទៃផងដែរ។
ទន្ទឹមនឹងការហ្វឹកហ្វឺន ត្រូវបានបញ្ចប់ជាស្ថាពរ លោក ហ្សាក ប៉េឡេ បានកោតសរសើរចំពោះកម្ពុជា ក្នុងការរួមចំណែករបស់កងកម្លាំងយោធាមួកខៀវកម្ពុជាក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាព មិនត្រឹមតែជាបរិមាណប៉ុណ្ណោះទេ ប៉ុន្តែក៏មានគុណភាពតាមកម្រឹតនៃការហ្វឹកហ្វឺនដែលសម្រេចបានផងដែរ។
លោកឯកអគ្គរដ្ឋទូតបារាំងបានបន្ថែមថាៈ វគ្គសិក្សានេះនឹងអាចឱ្យទាហានមួកខៀវកម្ពុជា មានសមត្ថភាពថ្មី ទៅនឹងតម្រូវការ របស់ អ.ស.ប. អំឡុងពេលបំពេញបេសកកម្មនាពេលអនាគត។ លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏បានបង្ហាញពីការគាំទ្រ និងអមដំណើរមជ្ឈមណ្ឌលជាតិ នូវមហិច្ឆតា ដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏មានឧត្តមភាពក្នុងវិស័យរក្សាសន្តិភាពផងដែរ។
ថ្លែងក្នុងឱកាសពិធីបិទវគ្គខាងលើនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលជាមិត្តជិតស្និទ្ធរបស់កម្ពុជាក្នុងដំណើរស្វែងរកសន្តិភាព និងអភិវឌ្ឈកម្ពុជា។ នាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងបណ្តាស្ថាប័នពាក់ព័ន្ធ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកម្មវិធីសិក្សា ខ្លឹមសារមេរៀន ឯកសារ ដឹកនាំគ្រប់គ្រង បង្រៀន និងរៀន ដែលធ្វើឱ្យវគ្គហ្វឹកហ្វឺននេះ បានដំណើរការតាមពេលកំណត់។
គួរបញ្ជាក់ផងដែរថាៈ គិតចាប់ពីឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតគម្រោង សម្តេចតេជោសម្រាប់សកម្មមីន«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងមូលនិធិកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ដើម្បីពន្លឿនដល់ការបោសសំអាតមីន និងគ្រឿងផ្ទុះឱ្យអស់ត្រឹមឆ្នាំ២០២៥។
សូមបញ្ជាក់បន្ថែមថាៈគិតចាប់ពីឆ្នាំ២០០៦រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប សរុបចំនួន ៨.៨៥៩នាក់ ក្នុងនោះមាននារីចំនួន៦៨១នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩រួមមានៈ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន។
បច្ចុប្បន្ននេះ កងកម្លាំងយោធាមួកខៀវកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន ១៣០នាក់ បាននិងកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសចំនួន៤ រួមមានៈ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។ P / N