ដោយៈ ភ្នំសន្ទុក/ កំពង់ធំៈ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបើកការដ្ឋានធ្វើផ្លូវក្រាលក្រហមប្រវែងជាងបួនគីឡូម៉ែត្រ(៤.៤៤៨ម៉ែត្រ) និងបង្ហៀរមួយកន្លែងប្រវែង២០ម៉ែត្រ ទទឹងប្រវែងប្រាំម៉ែត្រ ស្ថិតនៅក្នុងភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ថ្លែងនៅក្នុងពិធីដែលរៀបចំឡើងកាលពីព្រឹកលោកអភិបាលស្រុកបានបញ្ជាក់ថា សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានាដែលកើតមានឡើងសព្វថ្ងៃក៏អាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៍ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលស្រុកស្ទោង ក៏បានជំរុញដល់រដ្ឋបាលឃុំរុងរឿង ត្រូវធ្វើសេចក្តីជូនដំណឹងឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងការបើកផ្លូវ ហើយក្រុមហ៊ុន វេង ប៊ុនធឿន ត្រូវបង្កើនការយកចិត្តទុកដាក់សហការគ្នា កសាងផ្លូវ និងសំណង់បង្ហៀរនេះឲ្យបានឆាប់រហ័សតាមបទដ្ឋានបច្ចេកទេសនិងធានាគុណភាព ទាន់តាមកាលកំណត់ ប្រើប្រាស់បានយូរអង្វែង ។
គួរបញ្ជាក់ថា ផ្លូវក្រួសក្រហម និងសំណង់បង្ហៀរនេះ ជាថវិកាគម្រោងមូលនិធិឃុំឆ្នាំ២០២២ដោយត្រូវចំណាយជាង ៣៩១លានរៀល៕ srn / N