ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចិនកាលពីថ្ងៃសុក្រ បានច្រានចោលសេចក្តីសំរេចចិត្តរបស់សភាអាម៉េរិកមួយកាលពីថ្ងៃព្រហស្បតិ៍ដែលថ្កោលទោសចិនចំពោះអ្វីដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថាជាបាឡុងចារកម្មចិនហោះឈ្លបយកការណ៍លើទឹកដីអាម៉េរិក និងចាត់ចាត់ទុកសេចក្តីសំរេចចិត្តនេះជា«ល្បិចកលនយោបាយសុទ្ធសាធនិងជាការនិយាយបំប៉ោងទាំងស្រុង»។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីម៉ៅ នីង បានប្រាប់អ្នកយកព័ត៌មានថា «ចិនមិនសប្បាយចិត្តជាខ្លាំងចំពោះរឿងនេះនិងសូមប្រឆាំងវា។សេចក្តីសំរេចចិត្តរបស់សភាអាម៉េរិកជាល្បិចកលនយោបាយសុទ្ធសាធនិងជាការនិយាយបំប៉ោងបំផ្លើសទាំងស្រុង»។
សេចក្តីសំរេចចិត្តដែលត្រូវបានអនុម័តជាឯកច្ឆន្ទកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចិនចំពោះ«ការរំលោភច្បាស់ក្រឡែត»អធិបតេយ្យភាពអាម៉េរិកនិងកិច្ចខិតខំ«បោកប្រាស់សហគមន៍អន្តរជាតិតាមរយៈការអះអាងមិនពិតអំពីយុទ្ធនាការប្រមូលព័ត៌មានចារកម្មរបស់ខ្លួន»។
ចិននៅតែនិយាយថា វត្ថុហោះនេះជាបាឡុងសិក្សាអាកាសធាតុស៊ីវិលមួយ ដែលត្រូវខ្យល់បក់អោយរសាត់ខុសផ្លូវចូលអាម៉េរិកដោយចៃដន្យតែប៉ុណ្ណោះ។
ជុំវិញហេតុការណ៍បាញ់ទម្លាក់បាឡុងហោះលើអាម៉េរិកនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក ថែន ឃីហ្វេយ(Tan Kefei)បាននិយាយកាលពីម្សិលមិញថា ក្រសួងការពារជាតិចិនបានបដិសេធមិនទទួលការហៅទូរស័ព្ទមកពីរដ្ឋមន្ត្រីការបរទេសអាម៉េរិកក្រោយយោធាអាម៉េរិកបាញ់ទម្លាក់បាឡុងចិន ដោយសារតែអាម៉េរិក«មិនបង្កើតបរិយាកាសត្រឹមត្រូវ»សំរាប់ការចរចានិងផ្លាស់ប្តូរយោបល់គ្នា។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក ថែន ឃីហ្វេយ
លោក ថែន ឃីហ្វេយ បាននិយាយថា អំពើរបស់អាម៉េរិកបានរំលោភយ៉ាងធ្ងន់ធ្ងរបទដ្ឋានអន្តរជាតិនិងការអនុវត្តពីមុនៗ។«ដោយសារតែមធ្យោបាយដោះស្រាយមិនទទួលខុសត្រូវនិងខុសឆ្គងពីអាម៉េរិក វាមិនបង្កបរិយាកាសត្រឹមត្រូវសំរាប់ការចរចាឬផ្លាស់ប្តូរយោបល់គ្នារវាងយោធានៃប្រទេសទាំងពីរទេ។ ចិនបានមិនព្រមទទួលការហៅទូរស័ព្ទមួយមកពីអាម៉េរិកសំរាប់ការសន្ទនារវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ»។
លោកថែនបានបន្ថែមថា ចិន«រក្សាសិទ្ធិប្រើមធ្យោបាយចាំបាច់ដើម្បីដោះស្រាយជាមួយនឹងសភាពការណ៍ស្រដៀងគ្នា»។
រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយថា អាម៉េរិក«ប្រតិកម្មហួស»ដោយសំរេចចិត្តបាញ់ទម្លាក់បាឡុងរបស់ខ្លួន។ក្រសួងការបរទេសចិនចាត់ទុកចំ់ណាត់ការនេះថាមិនអាចទទួលយកបាននិងហៅការអះអាងរបស់អាម៉េរិកថាបាឡុងនេះជាយានឈ្លបយកការណ៍នោះជា«សង្គ្រាមព័ត៌មានមួយប្រឆាំងចិន»៕