ដោយៈ បូកគោ / កែបៈ កម្មវិធីគណនេយ្យភាពសង្គម ជាគន្លឹះដ៏សំខាន់ ក្នុងការផ្សារភ្ជាប់ រវាងប្រជាពលរដ្ឋ​ និងក្រុមប្រឹក្សា​រដ្ឋបាលថ្នាក់ក្រោមជាតិ ។ នេះជាការបញ្ជាក់របស់ អភិបាលខេត្តកែប ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីវឌ្ឍនភាព នៃការអនុវត្តគណនេយ្យ ភាពសង្គម ដំណាក់កាលទី២ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំ សាលាខេត្តកែប។

ថ្លែងក្នុងអង្គសិក្ខាសាលា ខាងលើ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថាៈ គណនេយ្យភាពសង្គម ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងផ្សារភ្ជាប់ រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាវេទិកាសម្រាប់ឲ្យប្រជាពលរដ្ឋសម្ដែងមតិ និងចូលរួមតាមដានការបំពេញការងារ របស់មន្ត្រី ក៏ដូចជាអង្គភាពផ្ដល់សេវានានា។

លោកអភិបាលខេត្ត បានបន្តថាៈ គណនេយ្យភាពសង្គម ជាធាតុដ៏សំខាន់ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពី ប្រជាពលរដ្ឋ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ សំណើ ក៏ដូចជា សំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន។ និយាយរួម កម្មវិធីគណនេយ្យភាពសង្គម ជាកញ្ចក់ដែលបានឆ្លុះបញ្ចាំង យ៉ាងជាក់លាក់ អំពីភាពប្រសើរឡើង នៃទំនាក់ទំនង រវាងសហគមន៍​ប្រជាពលរដ្ឋ និងអ្នកផ្ដល់សេវា ព្រមទាំងជាចំណែកដ៏សំខាន់ លើដំណើការផ្ដល់សេវា ពិសេសការយកចិត្តទុកដាក់ ក្នុងកិច្ចឆ្លើយតបត្រូវតាមសំណេី​ ឬសំណូមពររបស់ ប្រជាពលរដ្ឋតែម្តង។

លោកស្រី ប្រាក់ សុខានី នាយិកាអង្គការភាពជាដៃគូ សង្គមស៊ីវិលកម្ពុជា បានបញ្ជាក់ថាៈ គណនេយ្យភាពសង្គម ជាឧបករណ៍ដ៏សំខាន់ ក្នុងការរួមចំណែកពង្រឹងអភិបាលកិច្ច នៅមូលដ្ឋាន។ ដោយយល់ឃើញពីភាពចាំបាច់នេះ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ បានដាក់ចេញនូវផែនការ យុទ្ធសាស្រ្ដ ស្ដីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលបានអនុម័ត កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។

លោកស្រី នាយិកា បានបន្តថាៈ នេះជាផែនទីបង្ហាញផ្លូវ ដល់តួអង្គអនុវត្តទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ សម្រាប់អនុវត្តការងារគណនេយ្យភាពសង្គម ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ គោលបំណង នៃផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២ គឺការបង្កើនកិច្ចអនុវត្ត គណនេយ្យភាពសង្គម ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើង ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព ការលើកកម្ពស់តម្លាភាព ការចូលរួមរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងតម្រូវការនានា របស់ប្រជាពលរដ្ឋ៕ V / N