ដោយៈ គង់ហេង/ កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងរៀបចំបង្កើតគណៈកម្មាធិការសមាគមសេវាដឹកជញ្ជួន ក្នុងគោលបំណងផ្តល់ភាពកក់ក្តៅ និងអត្ថប្រយោជន៍ គឺជួយអន្តរាគមន៍ផ្នែកច្បាប់ និងគាំពារផ្នែកសុខភាព ព្យាបាលជំងឺឥតបង់ប្រាក់ដល់សមាជិកសមាគម។ នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាគមសេវាដឹកជញ្ជូននៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ។
លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៅកាន់អ្នកចូលរួមជាសហការីថា គោលបំណង នៃការបង្កើតសមាគមសេវាដឹកជញ្ជូននេះឡើង គឺដើម្បីឱ្យបងប្អូនជាសមាជិកសមាគមសេវាដឹកជញ្ជូនដែលមាន៖ ក្រុមម៉ូឌុប, ម៉ូតូកង់បី, រថយន្តតាក់ស៊ី, រថយន្តដឹកទំនិញ និងរថយន្តដឹកទំនិញ ធ្វើជាភ្នាក់ងារផ្តល់ព័ត៌មាន សន្តិសុខ នយោបាយ… ជាដើមដល់គណៈកម្មាធិការសមាគម ដែលមានសមាសភាពនៅក្នុងរដ្ឋបាលខេត្ត ហើយគណៈកម្មាធិការនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនជូនវិញ។
លោកបានបន្ថែមថា ក្នុងនោះដូចជា ការអន្តរាគមន៍ផ្នែកផ្លូវច្បាប់ ផ្តល់មេធាវី លើករណីមួយចំនួន ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ គឺដើម្បីឱ្យជួយតតាំងក្តីនៅតុលាការ, ផ្តល់ការគាំពារសេវាផ្នែកសុខភាពដល់សមាជិកសមាគម ព្យាបាលជំងឺមិនបាច់បង់ប្រាក់ និងជាពិសេសពិនិត្យជាក់ស្តែងអាច នឹងទទួលប័ណ្ណក្រ១ក្រ២។
លោកបានបន្តថា ចំពោះក្រុមម៉ូតូឌុប គឺនឹងទទួលបានសេវាជួសជុលមិនបង់ប្រាក់ ដោយរដ្ឋបាលខេត្តនឹងបង្កើតក្រុមជាងជួសជុលច្រើនកន្លែង, ទទួលបានមួកសុវត្ថិភាព និងសម្បកកង់ម៉ូតូចំនួន ពីរ ក្នុងមួយឆ្នាំ។ ករណីនេះអនុវត្តដំបូងនៅក្នុងក្រុងកំពង់ចាម បានទទួលជោគជ័យហើយ នឹងបន្តទៅកាន់បណ្តាស្រុកផ្សេងៗទៀត។
លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូន ខេត្តកំពង់ចាមបានបញ្ជាក់ប្រាប់ក្នុងកិច្ចប្រជុំថា សមាគមម៉ូតូឌុបនេះបានបង្កើតឡើងតាំងពីសម័យលោក លន់ លឹមថៃ នៅជាអភិបាលខេត្តកំពង់ចាមមកម្លេះ ដោយកាលនោះមានសមាជិកប្រមាណជាង ២០០ នាក់។
ប៉ុន្តែបច្ចុប្បន្នខាងលោកបានធ្វើការទំនាក់ទំនងតាមលេខទូរសព្ទក្នុងឯកសារបានប្រមាណ ៧០ នាក់ គឺមួយចំនួនបានប្តូរទីលំនៅទៅខេត្តផ្សេង។
បុរសវ័យ៤១ ឆ្នាំឈ្មោះ យីម សុខលាង ជាអ្នកបើកម៉ូតូកង់ ហៅផឺស្អែប ដែលកំពុងទទួលការពេញនិយមសម្រាប់អ្នកដំណើរ គឺកំពុងឈរចាំភ្ញៀវជាមួយមិត្តភក្តិច្រើននាក់ផ្សេងទៀតនៅខាងមុខមន្ទីរពេទ្យខេត្តកំពង់ចាមបានឱ្យដឹងថា ពីមុនលោកក៏ជាអ្នករត់ម៉ូតូឌុបដែរ និងក៏ធ្លាប់ជាសមាជិកសមាគមម៉ូតូឌុបកាលពីលោក លន់ លឹមថៃ និងលោក គួច ចំរើន នៅជាអភិបាលខេត្តកំពង់ចាម។ តែប៉ុន្មានឆ្នាំនេះទីផ្សារម៉ូតូឌុប ចុះថយដោយភ្ញៀវងាកមករកសេវាម៉ូតូកង់បី ឬផឺស្អែបវិញ។
អ្នករត់ម៉ូតូកង់បីដែលមានទីលំនៅភូមិបឹងបាសាក់ សង្កាត់សំបួសមាស ក្រុងកំពង់ចាមរូបនេះបានបន្តថា ជុំព័ត៌មានដែលខាងរដ្ឋបាលខេត្តកំពង់ចាមគ្រោងចាប់ផ្តើមប្រមូលសមាជិកសមាគមសេវាដឹកជញ្ជូននេះ គឺលោកចូលរួមគាំទ្រ ហើយនឹងចូលរួមសមាជិកនេះ និងក៏ជួយអំពាវនាវឱ្យមិត្តភក្តិចូលរួមជាមួយការងារសង្គមមួយនេះ៕សរន / N