ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេស បោសសម្អាតមីន ជំនាន់ទី១៤៣ និងវគ្គហ្វឹកហ្វឺនបច្ចេកទេស សុនខល្បាត នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា បានមានប្រសាសន៍ថា៖ គោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល គឺធ្វើម៉េច ដោះមីនឲ្យអស់ ក្នុងឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ជាអតិបរមា ក្នុងឆ្នាំ២០២៥ ។
លោក ហេង រតនា បានបន្តថា៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខនេះ យើងនឹងបើក យុទ្ធនាការរាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមទឹក នៅចំណុចកោះពាមរាំង ឃុំកោះចេក ស្រុកពាមរ៍ ខេត្តព្រៃវែង ចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ពីព្រំដែនវៀតណាម ដែលមាននាវាដឹកគ្រាប់ លិចនៅទីនោះ។ តាមពិតយើង បានប្រតិបត្តិការ ជិតមួយឆ្នាំហើយ តាំងពីខែមីនា មកម៉្លេះ ប៉ុន្តែវាគ្រាន់តែជាការស្រាវជ្រាវរកព្រំដី ទីតាំងឱ្យបានជាក់លាក់ សម្រាប់ដល់ថ្ងៃប្រតិបត្តិការ ។ យ៉ាងនេះក្តី យើងបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមទឹក ប្រមាណ ៣០ តោន ហើយតាមការប៉ាន់ប្រមាណ ប្រហែលជាមានរាប់ពាន់ តោន ដែលកំពុងលិចនៅក្នុងទឹក។
លោកបានបន្តថាៈ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់បុគ្គលិក មន្ត្រីស៊ីម៉ាក់ ដែលបានបំរើជាតិមាតុភូមិ ដោយរកមធ្យោបាយ ឱ្យពួកគាត់ មានឈ្មោះ ក្នុងជួរកងយោធ ពលខេមរភូមិន្ទ មានឋានន្តរសក្តិ ទទួលបានប្រាក់ខែ និងខ្លះទទួលបានប្រាក់សោធន និវត្តន៍ ដូចកងយោធពលខេមរភូមិន្តដែរ។ លើសពីនេះទៀត បានយកចិត្តទុកដាក់ពួកគាត់ ដែលចូលនិវត្តន៍ ដោយរៀបចំឲ្យពួកគាត់ បានចូលរៀនបច្ចេកទេស សម្រាប់ចិញ្ចឹមជីវិត ដែលយើងកំពុងដំណើរការ នៅកោះក្រឡ ។
លោកបានបន្តថាៈ ថ្ងៃនេះ ក៍សូមកអរគុណដល់ក្មួយៗ ដែលបានស្ម័គ្រចិត្តចូលបំរើការងារ បន្តវេនពី លោកឪពុក មកទទួលការបណ្តុះបណ្តាល និងបិទវគ្គនៅពេលនេះ ប្រៀបដូចជា ក្មួយ បានក្លាយពីទំពាំង មកជាឫស្សីរួចហើយ ប៉ុន្តែក្មួយៗ ដែលបានចូលរៀន និងបិទវគ្គ នៅថ្ងៃនេះ វាគ្រាន់តែជំនាញធម្មតាតែប៉ុណ្ណោះ ហេតុនេះ ក្មួយៗ ត្រួវរៀនជំនាញបន្ថែមទៀត ដូចជាជំនាញមុជទឹក ជំនាញកាត់បន្សាបគ្រាប់ និងជំនាញជាច្រើនទៀត ដើម្បីអនាគត ក្មួយៗទទួលបានជោគជ័យ ក្នុង វិស័យដោះមីននេះ។
លោកបានបន្តទៀតថាៈ ក្មួយៗ ត្រូវចាំថា យើងមិនអាចពឹងផ្អែកតែលើ គេរហូតបាននោះទេ ត្រូវពឹងលើខ្លួនឯង សមត្ថភាពខ្លួនឯង ទាំងលក្ខណៈបុគ្គល ទាំងលក្ខណៈអង្គភាព និង ថ្នាក់ជាតិ ជាក់ស្ដែង កាលពីពេលមុន យើងប្រើសុនខ ហិតមីនពីប្រទេសគេ ប៉ុន្តែបច្ចុប្បន្ន សម្រាប់កម្ពុជាមាន សុនខគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរុករក គ្រាប់មីន ដោយមិនពឹង ផ្អែកបរទេសទៀតឡើយ។
ជាចុងក្រោយ លោក ហេង រតនា បានផ្តាំផ្ញើក្មួយៗ ដែលជាសិក្ខាកាមបញ្ចប់វគ្គ ត្រូវខិតខំ បំពេញភារកិច្ចរបស់ខ្លួន តាមវិជ្ជាជីវៈ ហើយមុននឹងសម្រេចធ្វើអ្វីមួយ ត្រូវរំឭកមេរៀន ដែលបានរៀននៅទីនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលកើតឡើងដោយសារការធ្វេស ប្រហែសរបស់យើង៕ V / N