ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST មួយខ្សែ ប្រវែង ១១ គីឡូម៉ែត្រ ទទឺងប្រវែង ៧ ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទាន សហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលអមដំណើរដោយមន្ត្រីបច្ចេកទេស បានថ្លែងនៅក្នុងឱកាសខាងលើថាៈ នៅលើកំណាត់ផ្លូវនេះ បំពាក់ដោយលូ ប្រអប់ ចំនួន ៣ កន្លែង លូមូលកាត់ទទឹងផ្លូវ ២៧ កន្លែង លូមូលកាត់ផ្លូវបំបែក ១៩ កន្លែង បានសាងសង់រួច ១០០ ភាគរយ និងគ្រោងបំពាក់ស្លាកសញ្ញាចរាចរណ៍ ៧៨ កន្លែង នៅពេលសាងសង់ផ្លូវរួច ព្រមទាំងមានគំនូស តាមអក្សផ្លូវ គំនូសឆ្លងកាត់ផ្លូវ ១កន្លែង ដែលការងារនេះ គ្រោងនឹងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD , Import Export Transportation and Construction ក្នុងទឹកប្រាក់ប្រមាណជា ១.៥៥១.០៦៣ ដុល្លារអាមេរិក ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ នេះជាគម្រោងថ្មីមួយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្រាប់ផ្ដល់ឱកាសឲ្យមាន លក្ខណៈពិសេស ខុសប្លែកពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើម អនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជន បទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបានងើបពីវិបត្តិជំងឺកូវីដ១៩ ។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្តដូច្នេះថាៈ ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹក ជញ្ជូនជនបទ ប្រៀបដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗក្នុងតំបន់ ជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជន នៅជនបទ និងធ្វើឲ្យតម្លៃនៃអចលនទ្រព្យ កើនឡើងផងដែរ។
លោករដ្ឋមន្ត្រី បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ឱ្យចូលរួមសហការ ជាមួយក្រុមហ៊ុនស្ថាបនា និងចូលរួមថែរក្សាផ្លូវនេះ ឲ្យបានល្អ នៅពេលស្ថាបនារួច ដើម្បីប្រើប្រាស់បានយូរអង្វែង។
គួរនិយាយឱ្យដឹងថា គម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ បានចាប់ផ្ដើអនុវត្តពី ឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន ៦៧ លានដុល្លារអាមេរិក ក្នុងនោះ ថវិកាចំនួន ៦០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧,៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ មានសមាសភាពចំនួន២ គឺទី១៖អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដែលត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ ចំនួន ៧៥ ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុង ចំនួន ៧៥ ស្រះ និងទី២ អភិវឌ្ឍន៍ជំនាញ នៅជនបទ និងផ្ដល់សេវាគាំទ្រ ដល់អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលសមាសភាពទាំងពីរនេះ អនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៥ គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង ៕ V / N