ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ មួយ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំនៃទីស្នាក់ការគណបក្សខេត្ត ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជន កម្ពុជា ក្រោមអធិបតីភាពរបស់សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈ កម្មាធិកាកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

មានវត្តមានក្នុងឱកាសនោះដែរ រួមមាន លោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិក អចិន្រ្តៃយ៍ គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកទេសរដ្ឋមន្រ្តី គុយ សុផល សមាជិកគណៈកម្មាធិកាកណ្តាល គណបក្សប្រជាជន កម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ អនុប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន​សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សរុបប្រមាណជាង ៧០០ នាក់ ។

បន្ទាប់ពីលោកទេសរដ្ឋមន្រ្តី គុយ សុផល ឡើងអាននូវសេចក្តីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ផែនការដាក់ចេញនូវ គោលដៅជាយុទ្ធសាស្ត្រ ចំនួន៥ និងបណ្តាគោលនយោបាយធំៗ ជាអាទិភាព សម្រាប់រយៈពេលប្រាំឆ្នាំបន្ត រួចមក សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ អំពាវនាវ ដល់សមាជិក សមាជិកាគណបក្ស និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ត្រូវពង្រឹងការសហការ សាមគ្គីភាពជាមួយថ្នាក់ដឹកនាំ គណបក្សគ្រប់ លំដាប់ថ្នាក់ ជាពិសេសយុវជន ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ឱ្យបានជ្រួត ជ្រាបដល់ប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមគោលដៅ នៃរបាយការណ៍ ឯកសារជំនួយស្មារតី កម្មវិធីនយោបាយ អាណត្តិទី៧ ដែលគណបក្សបានដាក់ចេញ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស។

សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បានជំរុញដល់ថ្នាក់ដឹកនាំគណបក្សវ្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ត្រូវបន្ដចុះឱ្យបានគ្រប់ភូមិនីមួយៗ និងត្រូវបង្កើនសកម្មភាពចុះជួយគាំទ្រ ដល់មូលដ្ឋាន ក្នុងការរៀបចំចាត់ចែង អនុវត្តផែនការការងារ ឆ្ពោះទៅកាន់ការបោះឆ្នោត ឱ្យបានច្បាស់លាស់ បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការកសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជន ដែលគ្រប់អាយុបោះឆ្នោត តាមគោលការណ៍ “ពង្រឹងចាស់ កសាងថ្មី” គ្រប់សមាជិកត្រូវច្បាស់លាស់ សមាជិកម្នាក់ សន្លឹកឆ្នោត១ សម្លេងគាំទ្រគណបក្ស ប្រជាជនកម្ពុជា៕ V / N