ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រ កម្ពុជាលោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់ និង លោកស្រី អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវ ការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះ បើយោងតាមសេចក្តីប្រកាសពព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹង ថា ក្នុងអំឡុងពេលនៃដំណើរ ទស្សនកិច្ចនេះ លោក ប្រធានាធិបតី នឹង មានកិច្ច សន្ទនាផ្លូវការ ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហា នានាដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។

លោកប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមាន ឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជាលោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ នឹង អញ្ជើញ ទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរ ក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់។ លោក ប្រធានាធិបតី ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង ក្នុងរាជធានីភ្នំពេញ ផងដែរ។

ក្រសួងការបរទេសបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត នាពេល ខាងមុខ របស់ឯកឧត្តមប្រធានាធិបតីអាល្លឺម៉ង់មកកាន់ព្រះរាជា ណាចក្រកម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃ ទំនាក់ទំនងជា ប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាង ប្រទេសទាំងពីរ និងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហ ប្រតិបត្តិ ការដ៏ល្អដែលមានស្រាប់ សម្រាប់ ជាផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ៕ សរន / N