ដោយ:មុនីរ័ត្ន/ភ្នំពេញ:តបតាមការអញ្ជើញរបស់ ឯកឧត្តម  សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប. ឡាវ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅ ស.ប.ប. ឡាវ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ឯកឧត្តម លោកជំទាវ ជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី មន្ត្រីជាន់ ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃ ស.ប.ប.ឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ ស.ប.ប.ឡាវ ក៏ដូចជា ទទួលការ ជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមាន ជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តមនាយករដ្ឋមន្រ្តី សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការ ពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ នៅក្រោយជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ  «ផែនការ សកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និង យូរអង្វែង រវាងព្រះរាជា ណា ចក្រ កម្ពុជា និង សាធារណ រដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕សរន