ដោយ៖តារារិទ្ធ(ភ្នំពេញ) នៅក្នុងជំនួបចរចាទ្វេភាគីកម្ពុជា ចិន នាល្ងាចថ្ងៃទី ១០ ខែ កុម្ភៈ ២០២៣ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរបានបង្ហាញការគាំទ្រគ្នាទៅវិញទៅមកដើម្បីការពារនិងធានានូវផល ប្រយោជន៍រួមនិងផលប្រយោជន៍នៃប្រទេសនិមួយៗ ។ នេះបើយោងតាមប្រភពឲ្យដឹងពីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន និង លោកនាយករដ្ឋមន្រ្តី លី ខឺឈាង បានអញ្ជើញធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ក្នុងជំនួបកំពូលទ្វេភាគី នោះភាគីទាំងពីរកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃមិត្តភាពរឹងមាំដូចដែរថែបនិងឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់គ្រប់ទម្រង់ដើម្បីការអភិវឌ្ឍ ទំនាក់ទំនងជាយុទ្ធសាស្រ្តនិងការជឿជាក់ផ្នែកនយោបាយ ។
មេដឹកនាំទាំងពីរបានប្រកាសពិធីសម្ពោធព្រឹត្តិការនានានៃឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន សំដៅជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពនិងកម្រិតខ្ពស់។ ភាគីចិនកោតសរសើរចំពោះសមិទ្ធផលសំខាន់ ៗនានាដែលកម្ពុជាសំរេចបានក្នុងការកសាងស្ថេរភាពជាតិ វិបុលភាពព្រមទាំងពង្រីកឥទ្ធិពលកម្ពុជាលើឆាកអន្តរជាតិ។ ភាគីចិនគាំទ្រពេញទំហឹងចំពោះ កម្ពុជាទី១.ការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន, ២-កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារអធិបតេយ្យជាតិ សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍នានា, ៣-ការអភិវឌ្ឍបន្តបន្ទា ប់តាមរបៀបវារៈនយោបាយកម្ពុជានិងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
ភាគីកម្ពុជាក៏បានបង្ហាញជំហររបស់ខ្លួនទី ១-ប្រកាន់នយោបាយចិនមួយ ,២-ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិននិង៣-គាំទ្រ ចិនការពារផលប្រ យោជន៍ស្នូលព្រមទាំងការបង្រួបបង្រួមជាតិ ៕