ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមញញួរធំ West Ham ត្បិតលេងល្អនៅប៉ុន្មានប្រកួតចុងក្រោយ ក៏នៅតែមិនអាចគេចផុតពីតំបន់កាត់ចោលក្នុង EPLដូច្នេះពួកគេនឹងប្រឹងយក៣ពិន្ទុឱ្យខាងតែបាននៅពេលស្វាគមន៍តោខៀវ Chelsea ដែលអន់ក្រៅដី នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ។ ទន្ទឹមនេះ ក្រុមកាំភ្លើងធំ Arsenal ក៏រំពឹងពង្រីកការនាំមុខលើកំពូលតារាងផងដែរ តាមរយៈការផ្តួលក្រុមឡើងជើង Brentford ហើយ Spurs ក៏ដូចគ្នា នៅតែមានសង្ឃឹមអាចយកឈ្នះលើម្ចាស់ផ្ទះ Leicester នៅយប់ថ្ងៃសៅរ៍នេះ។
ការព្យាករណ៍ ៖
– West Ham vs Chelsea
* West Ham ឈ្នះ ៣ លើកក្នុងការប្រកួត ៥ លើកចុងក្រោយ។
* Chelsea ចាញ់ ៥ លើក និង មិនដែលឈ្នះ ៧ លើកចុងក្រោយនៅក្រៅផ្ទះ។
* Jarrod Bowen រកបាន ៣ គ្រាប់ក្នុងការប្រកួត ៣ លើកចុងក្រោយ។
West Ham នឹងស្វាគមន៍ Chelsea ក្នុងការប្រកួតនៅទីក្រុងឡុងដ៍រួមតែមួយក្នុងការប្រកួត Premier League នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ ហើយក្រុមទាំងពីរកំពុងត្រូវការ៣ពិន្ទុជាខ្លាំង។
ក្តីសង្ឃឹមប្រជែងតំណែងកំពូលទាំងបួនរបស់ Chelsea កំពុងតែរសាត់ទៅយ៉ាងលឿន ហើយក្រុមញញួរធំមានតែ១ពិន្ទុដាច់ពីលើតំបន់កាត់ចោល បើទោះបីជាលេងចាញ់តែម្តងគត់ក្នុងការប្រកួត ៦ ដងចុងក្រោយរបស់ពួកគេ។
ម្ចាស់ផ្ទះមានបញ្ហារបួសមួយចំនួន ហើយខ្សែការពារ Kurt Zouma នឹងត្រូវអវត្តមានក្នុងជំនួបនេះ ខណៈខ្សែប្រយុទ្ធ Gianluca Scamacca ក៏ត្រូវអវត្តមានផងដែរ។
តោខៀវ Chelsea មានបញ្ជីកីឡាកររបួសដ៏វែងបំផុតនៅ EPL ក្នុងនោះរួមមាន N’Golo Kante និង Edouard Mendy ផងដែរ។
លោក Graham Potter ទើបតែដឹកនាំ Chelsea បានប៉ុន្មានខែប៉ុណ្ណោះ ប៉ុន្តែអតីតអ្នកចាត់ការទូទៅរបស់ Brighton រូបនេះកំពុងឃើញខ្លួនឯងស្ថិតនៅក្រោមសម្ពាធយ៉ាងពិតប្រាកដ។
ក្រុមតោខៀវបានជួបការលំបាកនៅក្រៅទឹកដី ហើយពួកគេមិនស្គាល់ឈ្នះសោះក្នុងការប្រកួតក្រៅផ្ទះចំនួន ៧ លើកចុងក្រោយ ដោយចាញ់ ៥ ក្នុងចំណោមការប្រកួតទាំងនោះ និងស៊ុតបញ្ចូលទីបានត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះក្នុងដំណើរការនេះ។
ក្រុម West Ham កំពុងស៊ូទ្រាំនឹងរដូវកាលដ៏លំបាកមកទល់ពេលនេះ ប៉ុន្តែមានសញ្ញាលើកទឹកចិត្តមួយចំនួននាពេលថ្មីៗនេះ ហើយពួកគេបានស្មើ ១-១ នៅទឹកដីរបស់ក្រុមឡើងជើង Newcastle ទៀតផង។
ក្រុមញញួរធំបានកត់ត្រាជ័យជម្នះក្នុងផ្ទះជាលើកទី ៤ នៃរដូវកាលនេះនៅប្រកួតចុងក្រោយរបស់ពួកគេនៅឯកីឡដ្ឋាន London ដោយបានផ្តួលគូប្រជែង Everton ២-០ ហើយដូច្នេះពួកគេក៏រំពឹងឈ្នះលើតោខៀវផងដែរ។
លទ្ធផលព្យាករណ៍ West Ham ២-០។
– Arsenal vs Brentford
* Arsenal មានកំណត់ត្រាក្នុងផ្ទះជិតល្អឥតខ្ចោះ ដោយឈ្នះ ៨ និងស្មើ ១ ពីការប្រកួត ៩ លើក។
* ក្រុមកាំភ្លើងធំបានឈ្នះការប្រកួតជើងទីមួយ ៣-០ ។
* Brentford កំពុងលេងល្អ ហើយអាចរកគ្រាប់បាល់បាននៅថ្ងៃនេះ។
បរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Arsenal នៅទឹកដី Everton កាលពីសប្តាហ៍មុនបានធ្វើឱ្យពួកគេចាញ់ពីរប្រកួតជាប់គ្នាជាលើកដំបូងក្នុងរដូវកាលនេះ ប៉ុន្តែពួកគេគួរតែអាចត្រឡប់ទៅរកវិថីឈ្នះៗវិញនៅពេលដែលពួកគេប្រកួតជាមួយ Brentford នៅថ្ងៃសៅរ៍នេះ។
បរាជ័យទាំងពីរលើករបស់កាំភ្លើងធំបានកើតឡើងនៅក្រៅផ្ទះ ខណៈពួកគេបានចាញ់ Manchester City ១-០ ក្នុង FA Cup មុនពេលចាញ់នៅទឹកដី Goodison ហើយកីឡដ្ឋាន Emirates គឺជាបន្ទាយរឹងមាំសម្រាប់កូនក្រុមរបស់លោក Mikel Arteta នៅរដូវកាលនេះ។
Arsenal ប្រហែលជាត្រូវសម្លឹងទុកជើងខ្លះសម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍ជាមួយនឹងគូប្រជែងដណ្តើមពាន Man City ប៉ុន្តែលោក Arteta គួរតែរក្សាជម្រើស១១នាក់ល្អបំផុតរបស់គាត់សម្រាប់ការប្រកួតដ៏លំបាកនេះជាមួយនឹងក្រុមឡើងជើង Brentford ។
Brentford មិនស្គាល់ចាញ់សោះក្នុងការប្រកួតលីកចំនួន ៧ លើកចុងក្រោយ ហើយរួមទាំងការឈ្នះលើក្រុម Man City និង Liverpool ផងដែរ ប៉ុន្តែកំណត់ត្រាដ៏អស្ចារ្យរបស់ Arsenal បង្ហាញថា ក្រុមម្ចាស់ផ្ទះអាចដណ្តើម៣ពិន្ទុពេញ ដោយហេតុថាជើងទីមួយពួកគេបានយកឈ្នះ Brentford ក្រៅទឹកដី ៣-០ ងាយៗម្តងរួចហើយ។
លទ្ធផលព្យាករណ៍ Arsenal ឈ្នះ ៣-១។
– Leicester City vs Tottenham
* Spurs បានឈ្នះ ៥ ដងក្នុងចំណោមការប្រកួត ៧ លើកចុងក្រោយ។
* Leicester ចាញ់ ៥ លើកក្នុង ៩ លើកចុងក្រោយ។
* Harry Kane ស៊ុតចូល ៦ គ្រាប់ក្នុង ៨ ប្រកួតចាប់តាំងពីត្រឡប់មកពីកាតាវិញ។
Tottenham ធ្វើដំណើរទៅជួបក្រុម Leicester នៅថ្ងៃសៅរ៍នេះដើម្បីស្វែងរកជ័យជម្នះជាលើកទីបីជាប់ៗគ្នា បន្ទាប់ពីជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍កាលពីសប្តាហ៍មុន ១-០ ទល់នឹង Manchester City ។
Spurs បានជំរុញការប្រជែងតំណែងកំពូលទាំងបួនរបស់ពួកគេជាមួយនឹងជ័យជម្នះ៣លើកក្នុងការប្រកួតលីកចំនួន ៥ លើកចុងក្រោយ ប៉ុន្តែពួកគេប្រឈមមុខនឹងក្រុម Leicester ដែលរកបាន ៤ ពិន្ទុពី២ប្រកួតចុងក្រោយផងដែរ។
គ្រូបង្វឹកក្រុម Spurs លោក Antonio Conte បានខកខានជ័យជម្នះលើក្រុម Man City បន្ទាប់ពីទទួលការវះកាត់ ប៉ុន្តែគួរតែត្រឡប់មកទីលានប្រកួតវិញនៅកីឡដ្ឋាន King Power នៅថ្ងៃសៅរ៍នេះ។
ទោះយ៉ាងណា អ្នកចាំទី Hugo Lloris នឹងខកខាន ដោយសាររូបគេរងរបួសត្រូវព្យាបាល ៦ សប្តាហ៍ ដូច្នេះកីឡាករ Fraser Forster នឹងចូលជំនួស។
Leicester មានបញ្ហារបួសមួយចំនួន ប៉ុន្តែពួកគេមិនមានការព្រួយបារម្ភថ្មីទេ បន្ទាប់ពីជ័យជម្នះ ៤-២ កាលពីសប្តាហ៍មុនលើក្រុម Aston Villa ដូច្នេះក្រុមកញ្ជ្រោងអាចនឹងរក្សាជម្រើស១១នាក់ដដែល ដែលបានដណ្តើម៣ពិន្ទុនៅទឹកដី Villa Park ។
Tottenham ឈ្នះ ៥ ដងក្នុង ៧ ប្រកួតចុងក្រោយរបស់ពួកគេ ហើយបរាជ័យពីរលើករបស់ពួកគេក្នុងអំឡុងពេលនោះគឺជួបជាមួយនឹងក្រុមកំពូលតារាងរបស់ Premier League ហើយពួកគេបាននាំមុខ ២-០ នៅទឹកដីក្រុម Manchester City មុនពេលរបូតចាញ់វិញ ៤-២ បន្ទាប់មកបានសងសឹកវិញនៅប្រកួតបន្ទាប់។
Leicester ជួបការលំបាកនៅក្នុងផ្ទះ ហើយពួកគេមានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត ៣ លើកនៅទឹកដី East Midlands ចាប់តាំងពីសកម្មភាពបានចាប់ផ្តើមឡើងវិញបន្ទាប់ពីវើលខាប់ ដូច្នេះជ័យជម្នះសម្រាប់ Spurs គឺមានខ្ពស់ជាងនៅថ្ងៃនេះ។
លទ្ធផលទស្សនទាយ Spurs ឈ្នះ ២-១៕