ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុវីអូឌី( VOD )បង្ហាញឯកសារដែលបញ្ជាក់ថាលោកបានចុះ​ហត្ថលេខា​ជំនួសសម្តេចតេជោប្រមុខរដ្ឋាភិបាលក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង។លោកក៏បានស្នើឱ្យសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបលោកក្នុងរឿង។នេះបើយោងតាមសាររបស់លោកដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកព្រលឹមថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត បានសរសេរថា “ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebookតាមអារម្មណ៍មិនមាន អាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពច្បាស់លាស់៖ខ្ញុំសុំឱ្យវិទ្យុ VODបង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខា ជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។
ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់”។

នៅលើសារដដែលបានបញ្ជាក់ថា “បើ VODមិនមានឯកសារហើយចុះផ្សាយពត៌មាន មិនត្រឹមត្រូវដោយអចេតនានោះសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបខ្ញុំក្នុងរឿងនេះ។
ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ។”៕សរន