ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីណែនាំ​មិន​អនុញ្ញាត​លក់ដូរ និង​ពិសា​រគ្រឿង​ស្រវឹង ក្នុង​ថ្ងៃ​ស​និង​ថ្ងៃ​បោះឆ្នោត​

1118
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ការណែនាំ​មិន​ឲ្យ​មានការ​លក់ដូរ​និង​ពិសា​រគ្រឿង​ស្រវឹង​ក្នុង​ថ្ងៃ ស និង ថ្ងៃ​បោះឆ្នោត​។ ការណែនាំ​យ៉ាង​ដូច្នេះ ដើម្បី​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តឡើង​ក្នុង​បរិយាកាស​ល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើហិង្សា​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​០៦ កក្កដា ឆ្នាំ ២០១៨ ហើយ​ត្រូវបានធ្វើ​ផ្ស​ព្ធ​ផ្សាយ​នៅថ្ងៃនេះ​។​

​សេចក្តីណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ៦ ខែ កក្កដា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​រស់នៅ​កម្ពុជា ត្រូវ​រួមសហការ​ជាមួយ​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ពាណិជ្ជករ និង អជីវ​ករ ដោយ​ត្រូវ​ផ្អាក​ការលក់ដូរ និង ពិសារ​គ្រឿង​ស្រវឹង នៅ​មួយ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ។ ពោលគឺ​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែកក្កដា ដើម្បី​រួមចំណែក​ទប់ស្កាត់​អំពើ​ហឹ​ង្សា ការ​កំរាម​គំហែង ការបំភិតបំភ័យ​គ្រោះថ្នាក់​ចរាចរណ៍​គ្រោះថ្នាក់​សង្គម​និង​បាតុភាព​នានា ដែល​បណ្តាលមកពី​ការ​ពិសារ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។​

​ជាមួយនេះ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ណែនាំ​ឲ្យ​ក្រសួង​ស្ថាប័ន កងយោធពល​ខេមរភូមិន្ទ និង កង​នគរបាលជាតិ រួមជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​ត្រូវធ្វើ​ការបំពាក់​បំប៉ន ដល់​មន្ត្រី​ក្រោម​ឳ​វាទ​និង​ផ្ស​ព្ធ​ផ្សាយ​ណែនាំ​ប្រជាពលរដ្ឋ និង ជនបរទេស​ទាំងអស់​ក្នុង​មូលដ្ឋាន​របស់ខ្លួន អំពី​ការមិន​អនុញ្ញាត​ឲ្យ​ការលក់ដូរ​និង​ពិសារ​គ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោ និង ថ្ងៃ​បោះឆ្នោត ។ ដើម្បី​ឲ្យ​សេចក្តីណែនាំ​ចុះ​ថ្ងៃ ០៦ កក្កដា​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​សេចក្តីណែនាំ​នេះ ដោយ​ចុះ​ផ្សព្វផ្សាយ​និង​អប់រំ​ណែនាំ​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។

​ជាការ​កត់សម្គាល់​នេះ មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​កុំ​ឲ្យ​លក់​និង​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​ថ្ងៃ ស ក៏ដូចជា​ថ្ងៃ​បោះឆ្នោត ។ កាលពី​ថ្ងៃទី​០៥​កក្កដា​កន្លងទៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្តកណ្ដាល សម្តេច ហ៊ុន សែន ក៏បាន​ធ្វើការ​អំពាវនាវ​ផ្ទាល់មាត់​ក្នុង​ខ្លឹមសារ​ដូចគ្នានេះដែរ​។ សម្តេច​បាន​ថ្លែងថា​ការអំពាវនាវ​ដូច្នេះ​ធ្វើឡើង​តាម​សំណើ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ទប់ស្កាត់​អំពើហិង្សា​នានា​។​

​សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ៨,៤ លាន​នាក់​នឹងត្រូវ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខនេះ​។ ការបោះឆ្នោត​នេះ មាន​គណបក្ស​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង ដើម្បី​ដណ្ដើមយក​អាសនៈ​តំណាងរាស្ត្រ ចំនួន​១២៥​នៅ​ទូទាំងប្រទេស​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម