ដោយៈចាន់តូ/ភ្នំពេញ៖យុវជនម្នាក់បានបាត់បង់ជីវិតនិងយុវជនម្នាក់ទៀតរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តដឹកដីកៀរឱ្យដួលរួចកិនកាលពីម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ត្រង់ចំណុចស្តុបអូរ បែកក្អម តាមបណ្ដោយផ្លូវ ២៧១ កែងនឹងផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះដល់ជីវិតឈ្មោះ សេត សាលី អាយុ២០ ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនតាមអនឡាញ ស្នាក់នៅបន្ទប់ជួលស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។មានទីលំនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ជាអ្នកឌុប។ ចំណែកឯជនរងគ្រោះដែលរងរបួសឈ្មោះ វីន អាយុប្រហាក់ប្រហែលគ្នា ត្រូវជាមិត្តភក្តិជនរងគ្រោះដែលមានមុខរបរជាអ្នកដឹកនំខេក តាមអនឡាញ ជាអ្នកជិះពីក្រោយ ។ អ្នកទាំងពីរជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1JW.1246 ។ចំណែកឯរថយន្តដឹកដី ម៉ាកDONGFENG ពណ៌ស ពាក់ស្លាកលេខ ពណ៌លឿងAT22 .3.1846 របស់ក្រុមហ៊ុនទ្រី ស៊ូ ម៉ី។ ក្រោយកើតហេតុអ្នកបើកបរបានចុះរត់ឡើងជិះរថយន្តដឹកដីរបស់គ្នាគេមួយទៀតទៅបាត់តែម្ដង។

បើតាមអ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តដឹកដីបើកតាមបណ្ដោយផ្លូវ ២០០៤ក្នុងទិសដៅពីលិចមកកើត។មកដល់ចំណុចកើតហេតុខាងលើ ក៏បត់ស្ដាំដៃក៏ស្រាប់តែកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យដួលកិនចំយុវជនម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់។ចំណែកឯអ្នកបើករថយន្តជាបុរសម្នាក់បានបើកទ្វារចុះរត់ឡើងទៅលើរថយន្តដឹកដីមួយគ្រឿង ទៀតគេចខ្លួនបាត់តែម្ដង។ តាមសម្ដីមិត្តភក្តិបានប្រាប់ឱ្យដឹងថាពួកគាត់នឹងជនរងគ្រោះបានបែកគ្នាចេញពីក្នុងពិធី ខួបកំណើតមិត្តភក្កិនៅផ្លូវ២០០៤បែកគ្នាមកផ្ទះរៀងៗខ្លួនបែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុក នូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕សរន