ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​កុម្ភៈ​ថា ខ្លួន​បាន​ដាក់​ក្នុង​បញ្ជីខ្មៅ​នូវ​អង្គភាព​របស់​ចិន​ចំនួន​ប្រាំមួយ​ចំពោះ​ការគាំទ្រ​របស់​ពួកគេ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជា​ពិសេស​ទាក់ទង​នឹង​កម្មវិធី​អវកាស រួម​ទាំង​យាន​អា​កាស​និង​បា​ឡុង​។​

​ចំណាត់ការ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​គត់​បន្ទាប់ពី​សមាជិក​សភា​អាម៉េរិក​បាន​ថ្កោលទោស​ជា​ឯកច្ឆ័ន្ទ​ចំពោះ​ការប្រើប្រាស់​បា​ឡុង​ចិន​សំរាប់​កិច្ចការ​ដែល​គេ​សង្ស័យ​ជា​ចារ​កម្ម​លើ​អាម៉េរិក​ខាងជើង​កាលពី​សប្តាហ៍​មុន​។​

​ការហោះ​រយៈពេល​ជាច្រើន​ថ្ងៃ​របស់​បា​ឡុង​ចិន​ពី​រដ្ឋ​អា​ឡា​ស្កា​រហូត​ដល់​រដ្ឋ​កាលីហ្វ័​រញ៉ា​ភាគខាងត្បូង​បានទាក់​ទាញ​ចំណាប់អារម្មណ៍​របស់​ប្រជាជន​អាម៉េរិក​និង​ក្រុមមន្ត្រី មុន​ពេល​យោធា​អាម៉េរិក​បាញ់​ទម្លាក់​វា​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​ក្រុមហ៊ុន ដែល​ដាក់ចូល​ក្នុង​បញ្ជី​ខ្មៅ ត្រូវបាន​រឹតត្បិត​ពី​ការទទួលបាន​ទំនិញ​និង​បច្ចេកវិជ្ជា​របស់​អាម៉េរិក​ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​។​

​លោក អា​ឡាន អេ​ស្តេ​វេស (Alan Estevez) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ទទួលបន្ទុក​ឧស្សាហកម្ម​និង​សន្តិសុខ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​កុម្ភៈ​ថា “​ការប្រើប្រាស់​បា​ឡុង​កម្ពស់​ខ្ពស់​របស់​ចិន​គឺ​រំលោភ​លើ​អធិបតេយ្យភាព​របស់​យើង​និង​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​”​។​

​លោក​បាន​បន្ថែមថា “​សកម្មភាព​ថ្ងៃនេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អង្គភាព​ដែល​ព្យាយាម​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​អធិបតេយ្យភាព​របស់​ស​ហ​រដ្ឋ​អាម៉េរិក​នឹង​ត្រូវ​កាត់​ផ្តាច់​ពី​ការចូល​ប្រើ​បច្ចេកវិជ្ជា​របស់​អាម៉េរិក​”​។​

​ក្រុមហ៊ុន​ទាំង​ប្រាំមួយ​រួមមាន ក្រុមហ៊ុន Beijing Nanjiang Aerospace Technology Co វិទ្យាស្ថាន China Electronics Technology Group Corporation 48th Research Institute ក្រុមហ៊ុន Dongguan Lingkong Remote Sensing Technology Co. ក្រុមហ៊ុន Eagles Men Aviation Science and Technology Group Co. ក្រុមហ៊ុន Guangzhou Tian-Hai-Xiang Aviation Technology Co. និង ក្រុមហ៊ុន Shanxi Eagles Men Aviation Science and Technology Group Co.​។​

​នៅក្នុង​ឯកសារ​មួយ ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយថា យោធា​ចិន​កំពុង​ប្រើប្រាស់​បា​ឡុង​កម្ពស់​ខ្ពស់ “​សម្រាប់​សកម្មភាព​ស៊ើបការណ៍​សម្ងាត់​និង​ឈ្លប​យកការណ៍​” ដោយ​បន្ថែមថា នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ផលប្រយោជន៍​សន្តិសុខ​ជាតិ​និង​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាម៉េរិក​។​

​ទោះជា​យ៉ាងណា​ចិន​បាន​ទទូចថា បា​ឡុង​នោះ​ជា “​យាន​អាកាស​ស៊ីវិល​ដែល​ប្រើ​សម្រាប់​ការស្រាវជ្រាវ​ជា​ចម្បង​ក្នុង​គោលបំណង​ឧតុនិយម​”​។​

​ប៉ុន្តែ​មន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​ម្នាក់​បាន​បង្ហាញថា សហរដ្ឋ​អាម៉េរិក​ជឿថា បា​ឡុង​នេះ​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​កងទ័ព​រំដោះប្រជាជន​ចិន ហើយ​ជា​ផ្នែក​មួយ​នៃ​កង​យាន​អាកាស ដែល​ចិន​បាន​បញ្ជូន​ទៅ​ជាង​៤០​ប្រទេស​នៅ​លើ​ទ្វីប​ចំនួន​ប្រាំ​ដើម្បី​ប្រមូល​ព័ត៌មាន​ចារ​កម្ម​៕

​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​ដាក់​អង្គភាព​ចិន ៦ ចូល​ក្នុង​បញ្ជីខ្មៅ ក្រោយ​យោធា​អាម៉េរិក​ចាត់ការ​លើ​បា​ឡុង​ចិន​មួយ​កាលពី​ថ្ងៃ​សៅរ៍​មុន