របរ​ធ្វើ​កញ្ឆេ​បាន​ចំណូល​តិចតួច តែ​អ្នកភូមិ​ប្តេជ្ញា​មិន​បោះបង់​

2247
ចែករម្លែក
  • 319
    Shares

​កំពត​៖ អ្នកភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដែលជា​អ្នកធ្វើ​កញ្ឆេ​លក់ បាន​អះអាងថា ទោះបី​ប្រាក់ចំណូល​តិចតួចស្តួចស្តើង​ក្តី ពួកគាត់​នៅតែ​ពេញ​ចិត្តនឹង​មុខរបរ​នេះ ដោយ​មិន​បោះបង់ចោល​ឡើយ ព្រោះ​ការងារ​នោះ ក៏​អាច​បញ្ចៀស​បាន​ពី​ការធ្វើ​ចំណាកស្រុក និង​មាន​សេរីភាព​គ្រប់គ្រាន់ ពោលគឺ​ពុំមាន​គំនាប​ទាំង​ផ្លូវចិត្ត​ទាំង​ពេលវេលា​។

​យ៉ាងណា អ្នក​ប្រកបមុខរបរ​នេះ សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទាំង​ផ្នែក​ដើមទុន​ទាំង​ការរក​ទីផ្សារ ដើម្បីឱ្យ​តម្លៃ​ផលិតផល​បាន​ប្រសើរ​ជាង​សព្វថ្ងៃ​។​

​ក្នុង​វ័យ​៤២​ឆ្នាំ អ្នកស្រី ចាន់ ធូ បាន​រៀបរាប់ថា ចំណេះដឹង​ខាង​ធ្វើក​ញ្ចេ​ឫស្សី​នេះ គាត់​ចេះ​ត​ពី​ម្តាយ​ឪពុក​ជា​អ្នក​បង្រៀន​យូរ​មកហើយ​។ ក្នុងភូមិ​អូរ​តូច​ទាំងមូល គឺ​៧០​ភាគរយ នៃ​គ្រួសារ​ទាំងអស់​បាន​ប្រកបមុខរបរ​នេះ បន្ទាប់ពី​ការធ្វើ​ស្រែវស្សា​។ ប៉ុន្តែ​ចាប់ពី​មាន​ទំនប់​វា​រី​អគ្គិសនី​កំចាយ​មក មួយ​ភាគ​ធំ​បាន​ប្តូរ​ទៅរក​ការងារ​ផ្សេង​វិញ ដោយសារ​ពិបាក​រក​ឫស្សី​។

​ស្ត្រី​ដដែល​បាន​បន្តថា មុខរបរ​នេះ ទទួលបាន​ប្រាក់ចំណូល​តិចតួច​ណាស់ ពោលគឺ​ត្រឹមតែ​ដោះស្រាយ​កូន​រៀន និង​ហូបចុក​ប្រចាំថ្ងៃ​ប៉ុណ្ណោះ បើ​សង្ឃឹម​ឱ្យមាន​បាន​ដូច​គេ​មិនអាច​ទៅរួច​ទេ​។ ប៉ុន្តែ​គាត់​ពេញចិត្ត​នឹងធ្វើ ព្រោះ​មាន​សេរីភាព​គ្រប់គ្រាន់​ដោយ​គ្មាន​អ្នកបញ្ជា ចង់​សម្រាក​ថ្មើរ​ណា​ក៏បាន​។ ម្យ៉ាង​មិន​ចង់ឱ្យ ចំណេះ​ជំនាញ​ដែល​ចេះ​ត​ពី​ដូនតា​នេះ​បាត់បង់​ទៅវិញ​ផង​។ ដោយឡែក​ពួកក្មេងៗ មិនសូវ​យកចិត្តទុកដាក់​ទេ ព្រោះ​គេ​មានឱកាស​ច្រើន​សម្រាប់​ការងារ​ខាងក្រៅ​។ សម្រាប់​គាត់​កម្លាំង​ខ្សោយ​ណាស់​ទៅហើយ បើ​ប្រភេទ​លេខ​មួយ ឬ​ប្រភេទ​ធំ​បំផុត ក្នុង​មួយថ្ងៃ​អាចធ្វើ​បាន​កញ្ឆេ​មួយ​ប៉ុណ្ណោះ​។ រីឯ​អ្នកមាន​កម្លាំង​ពេញ​គេ​អាចធ្វើ​បាន​ពីរ ឬ​បី​។​

​អ្នកស្រី​ចាន់ ធូ បាន​បន្ត​ឱ្យដឹងថា ឫស្សី​ដែល​គាត់​ធ្វើ​រាល់ថ្ងៃ គឺ​បានមកពី​ទិញ​គេ​គឺ​សម្រាប់​កញ្ឆេ​មួយ​តម្លៃ​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល និង​ត្រូវ​ទិញ​ផ្តៅ​មក​ដាក់​ដៃ​បន្ថែមទៀត​។ លុះ​លក់​ឱ្យ​ឈ្មួញ កញ្ឆេ​មួយ​បាន​បី​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​

​អ្នកភូមិ​បាន​សំណូមពរ​ដូចៗ​គ្នា ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​នានា ជួយ​លើកទឹកចិត្ត ក៏ដូចជា​ផ្តល់​ដើមទុន​សម្រាប់​ពួកគាត់​មានលទ្ធភាព​ពង្រីក​មុខរបរ​បន្ថែម ព្រមទាំង​ផ្សព្វផ្សាយ​រក​ទី ផ្សារ​ដើម្បី​ផលិតផល​នេះ មានតម្លៃ​ខ្ពស់ជាង​សព្វថ្ងៃ​។​

​អ្នកប្រមូល​ទិញ​កញ្ឆេ​ម្នាក់​បាន​រៀបរាប់ថា តាមពិត​តម្លៃ​កញ្ឆេ​មិន​នឹង ថ្កល់​ទេ គឺ​ឡើង​ចុះ​តាម​រដូវ​កាល​។ ពេលណា​នៅ​ទន្លេ ឬ​បឹង​ទន្លេសាប​ត្រូវ​ត្រី​ខ្លាំង​នោះ កញ្ឆេ​ក៏មាន​តម្លៃ​ខ្ពស់​តាម​ហ្នឹង​ដែរ​។ មកដល់​សព្វថ្ងៃនេះ ការប្រមូលទិញ​មិន​ងាយស្រួល​ដូច​មុន​ទេ ព្រោះ​អ្នកធ្វើ​នៅមាន​តិច​គ្នា ហើយ​ត្រូវដាក់​លុយ​ជាមុន​ដល់​អ្នកធ្វើ​ទៀតផង​។​

​លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពត បាន​បញ្ជាក់ថា លោក​គាំទ្រ​ចំពោះ​ការប្រកបមុខរបរ​ធ្វើ​កញ្ឆេ​ឫស្សី ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នេះ​។ កញ្ឆេ​មាន​សារប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ទាំង​ទីជនបទ ទាំង​ក្នុង​ក្រុង​សម្រាប់​ជា​ឧបករណ៍​ផ្ទុក​សម្ភារៈ​ផ្សេងៗ​។ ម្យ៉ាងទៀត​មុខរបរ​នេះ ក៏​ជួយ​បាន​មួយផ្នែក​នូវ​ការធ្វើ​ចំណាកស្រុក ដែលជា​ដើមហេតុ​នាំឱ្យមាន​ការ​ឃ្លាត​ចាក​ឆ្ងាយ​គ្រួសារ និង​បន្ទុក​សម្រាប់​រាជរដ្ឋាភិបាល​ត្រូវ​ប្រឈម​ដោះស្រាយ​ផងដែរ​។

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ក្នុងនាម​មន្ទីរជំនាញ​លោក​នឹង​ខិតខំ​ជួយ​កសិករ ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​កើតមក​ពី​ចំណេះ​ជំនាញ នៃ​កេរដំណែល​ដូនតា​មួយ​នេះ ដើម្បី​ទទួលបាន​ទីផ្សារ​ដែលមាន​តម្លៃ​ប្រសើរ​ជាង​សព្វថ្ងៃ​៕ ដោយ​៖ បូកគោ​

ទីតាំងផ្សាយពាណិជ្ជកម្ម