ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងពី ការដោះស្រាយវិវាទការងាររួម នៅក្រុមហ៊ុន ខេមបូ ហ៊នសាំ អិលធីឌី ដែលមានកម្មករ និយោជិត ១ ៧៨៦ នាក់ ស្ថិតនៅ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផល សះជារួចមក។
គួរបញ្ជាក់ថា ការដោះស្រាយវិវាទនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំងមន្ត្រីជំនាញ ចុះសម្របសម្រួល និងដោះស្រាយវិវាទការងាររួមនេះ ជាបន្តបន្ទាប់ ចំនួន ៥ លើករួចមក។
ប្រភពខាងលើនេះ បានបញ្ជាក់ថា៖ ក្រោយកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខណ្ឌ ពោធិ៍សែនជ័យ និងស្មារតីទទួលខុសត្រូវរបស់ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នៅ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរ បានឈានដល់ការឯកភាពគ្នា លើការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ ចំពោះមុខ ក្រុមហ៊ុន នឹងបើកប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារ ជូនកម្មករ និយោជិតទាំងអស់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក នៅទីតាំងក្រុមហ៊ុន ខេមបូ ហ៊នសាំ អិលធីឌី។
ជាមួយគ្នានោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្ត្រី នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះឈ្មោះរកការងារថ្មី ជូនបងប្អូនកម្មករនិយោជិត ផងដែរ៕/V/R