ដោយៈ ជា សីហៈ/ភ្នំពេញៈ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប រួមជាមួយបុគ្គលិកគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានកំពុងតែដំណើរការសិក្សារអំពីគុណភាពទឹកនៅតំបន់បឹងទន្លេសាប ។

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបបានអះអាងថា មន្រ្តីវិទ្យាស្ថាន និង ដៃគូកាលពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ បានចុះប្រមូលសំណាក និងវិភាគគុណទឹកតាមផ្លូវទឹកនានាក្នុងតំបន់បឹងទន្លេសាប ហើយ ការប្រមូលសំណាកសម្រាប់ធ្វើការវិភាគរកសមាសធាតុ នីត្រាត (NO3) អាម៉ូញ៉ូម (NH4) ផូស្វ័រ (P) អាស៊ីតផូស័រ (OP) កាបូនសរីរាង្គរលាយ (DOC) បរិមាណសារធាតុរឹងសរុប (TSS) សារធាតុក្លរ៉ូភីលអេ (Chl.a) នីត្រូសែនសរុប (TN) និងនីត្រូសែនរលាយសរុប (TDN)។

នៅពេលនេះមន្រ្តីកំពុងតែសំណាកកំពុងពិនិត្យ នៅមន្ទីរពិសោធន៍អង្គទឹកសាបវិទ្យារបស់វិទ្យាស្ថាន នៅតាមទីតាំងដូចជា ខេត្តកណ្ដាល នៅចំណុចស្ពានព្រែកសំរោង និងស្ពានព្រែកក្ដាម, ភ្នំពេញ នៅចំណុចមុខព្រះបរមរាជវាំង និងស្វាយជ្រុំ, ខេត្តកំពង់ឆ្នាំង នៅចំណុចស្រុកកំពង់ត្រឡាច ក្រុងកំពង់ឆ្នាំង និងចំណុចករដប, ខេត្តកំពង់ធំ នៅចំណុចផាត់សណ្ដាយ បឹងទន្លេឆ្មារ ផ្ទោល និងពាមបាង, ខេត្តពោធិ៍សាត់ នៅចំណុចកំពង់លួង តំបន់អភិរក្សអង្គការអភិរក្សអន្តរជាតិ រាំងទិល ស្ទឹងពោធិ៍សាត់ និងកណ្ដាលបឹងទន្លេសាបចន្លោះព្រុំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តសៀមរាបនៅចំណុចមាត់ខ្លា ស្ទឹងជីក្រែង ផាត់សណ្ដោង កំពង់ឃ្លាំង កំពង់ភ្លុក ចុងឃ្នាស កណ្ដាលបឹងទន្លេសាបនៅចន្លោះខេត្តសៀមរាប ហើយខេត្តបាត់នៅចំណុចក្បាលតោល ដីរនៀត ព្រែកទាល់ និងស្ទឹងសង្កែ។

ប្រភពដដែលបានបន្តថា ដោយឡែកការវាស់កាបូនឌីអុកស៊ីត (CO2) មេតាន (CH4) ទឹក (H2O) នីត្រាត (NO3) pH អុកស៊ីសែនរលាយក្នុងទឹក (DO) សារធាតុក្លរ៉ូភីល កម្រិតថ្លានៃទឹក និងសីតុណ្ហភាពទឹក ត្រូវបានធ្វើឡើងដោយប្រើប្រាស់បច្ចេកវិទ្យា FLAMe ដែលកត់ត្រា និងផ្ទុកទិន្នន័យដោយស្វ័យប្រវត្តិក្នុងកុំព្យូទ័រ ដោយឧបករណ៍នេះបានបំពាក់ភ្ជាប់ជាមួយកាណូតដែលកំពុងធ្វើដំណើរនៅតាមប្រព័ន្ធទឹក ពីភ្នំពេញទៅបណ្តាខេត្តខាងលើ។

សូមបញ្ជាក់ផងដែរថា ការចុះប្រមូលសំណាក និងវិភាគគុណទឹកតាមផ្លូវទឹកនានាក្នុងតំបន់បឹងទន្លេសាប នេះនឹងបន្តធ្វើនៅចុងរដូវប្រាំង ដើមរដូវវស្សា និងចុងរដូវវស្សា ឆ្នាំ២០២៣នេះបន្តទៀត៕/R