ដោយ: បូកគោ / កំពត: យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារជិះម៉ូតូបុកពីក្រោយ ត្រាក់ទ័រដឹកដើមឫស្សី បណ្តាលឲ្យជុងមុតហូរឈាមពេញដងខ្លួន។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិវត្តពោធ៍ ឃុំថ្មី ស្រុកទឹកឈូ។

មន្ត្រីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា យុវជនដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ខាងលើឈ្មោះ ស្វាយ មៀន អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពតខេត្តកំពត។

ប្រភពដដែល បានរៀបរាប់ថា កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១០ ខែកម្ភ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅលើដងផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤០-១៤១ រវាងម៉ូតូ និងត្រាក់ទ័រដឹកដើមឫស្សី។ មុនគ្រោះថ្នាក់កើតឡើង គេឃើញត្រាក់ទ័រមួយគ្រឿង បើកមកពីទិសខាងកើត ដោយមានសណ្តោងរ៉ឺម៉កដឹកដើមឫស្សីផង។ ស្របពេលនោះ ស្រាប់តែមានម៉ូតូមួយគ្រឿង ធ្វើដំណើរដោយយុវជនម្នាក់ បើកមកពីក្រោយ បានបុកប៉ះចំដើមឫស្សីបណ្តាលឲ្យជុងមុត រួចដួលហូរឈាមស្លាប់តែម្តង។

សមត្ថកិច្ច បានបន្តថា ភ្លាមៗ អ្នកបើកត្រាក់ទ័របានរត់គេចបាត់ ដោយបន្សល់ទុកត្រាក់ទ័រ និងសពជនរងគ្រោះ នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា ខណ:ពេលកម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ កំពុងសម្រួលចរាចរណ៍ ស្រាប់តែមានយុវជនម្នាក់ផ្សេងទៀត បើកម៉ូតូមកពីទិសខាងលិច យ៉ាងលឿន មកបុកត្រាក់ទ័រ បណ្តាលឲ្យដួលរងរបួស យ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗ អ្នកជិតខាង និងសមត្ថកិច្ច បានទំនាក់ទំនងហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕/V/R