ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី ចូ បៃដិន និងសមភាគីប្រេស៊ីលលោក ល្វីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយកាលពីថ្ងៃសុក្រទី១០កុម្ភៈនៅសេតវិមានថា ប្រទេសធំបំផុតទាំងពីរនៅទ្វីបអាម៉េរិកនេះទប់ស្កាត់ដោយជោគជ័យនូវការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ហើយឥឡូវនេះនឹងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។
លោកបៃដិនបានប្រាប់លោកលូឡាថា “លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំរបស់ប្រទេសទាំងពីរត្រូវបានសាកល្បង” ហើយ “ទាំងនៅសហរដ្ឋអាម៉េរិកនិងប្រេស៊ីល លទ្ធិប្រជាធិបតេយ្យបានឈ្នះ”។
ជួបប្រជុំនៅក្នុងការិយាល័យពងក្រពើ លោកបៃដិននិងលោកលូឡាបានបង្ហាញពីសាមគ្គីភាពជុំវិញវិថីស្រដៀងគ្នារបស់ពួកគាត់។
លោកបៃដិនបានផ្តួលលោកដូណាល់ ត្រាំក្នុងឆ្នាំ ២០២០ ប៉ុន្តែពីរខែក្រោយមក ហ្វូងអ្នកគាំទ្រត្រាំបានសម្រុកចូលវិមានសភា ដោយជឿទ្រឹស្តីសមគំនិតរបស់ត្រាំថាគាត់ជាអ្នកឈ្នះការបោះឆ្នោតយ៉ាងពិតប្រាកដ។
នៅក្នុងប្រទេសប្រេស៊ីល លោកលូឡាបានផ្តួលជនស្តាំនិយម លោក ជែរ បូលសូណារ៉ូ (Jair Bolsonaro) ហើយបានឡើងកាន់តំណែងក្នុងខែមករា ប៉ុន្តែក្រុមអ្នកគាំទ្រលោកបូលសូណារ៉ូបានសម្រុកចូលអគាររដ្ឋាភិបាលភ្លាមៗបន្ទាប់ពីនោះ។
លោកលូណាបានប្រាប់លោកបៃដិនថា “យើងមានបញ្ហាមួយចំនួនដែលយើងអាចធ្វើការជាមួយគ្នា។ ទីមួយគឺមិនត្រូវអនុញ្ញាតឱ្យមានការវាយប្រហាររបស់ក្រុមប្រឆាំងលទ្ធិប្រជាធិបតេយ្យម្តងទៀតនោះឡើយ”។
ដោយលើកសរសើរការវិលត្រឡប់របស់ប្រេស៊ីលទៅកាន់ឆាកអន្តរជាតិវិញ លោកលូឡាបាននិយាយអំពីលោកបូលសូណារ៉ូថា “ពិភពលោកបានចាប់ផ្តើមនិងបញ្ចប់ដោយព័ត៌មានក្លែងក្លាយ នៅពេលព្រឹក រសៀល និងពេលយប់។ វាហាក់ដូចជាគាត់មើលងាយទំនាក់ទំនងអន្តរជាតិណាស់”។
លោកបៃដិន ដែលសំដៅទៅលោកត្រាំ បានឆ្លើយយ៉ាងរហ័សថា “ស្តាប់ទៅដូចធ្លាប់ឮ”៕
លោកលូណានិងលោកបៃដិនជួបពិភាក្សាគ្នានៅវិមានពងក្រពើ