ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រទី១០កុម្ភៈថា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ខណៈប្រធានាធិបតី ចូ បៃដិន បានប្រកាសថា លោកនឹងប្រារព្ធខួបមួយឆ្នាំចាប់តាំងពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន ដោយធ្វើទស្សនកិច្ចនៅប្រទេសប៉ូឡូញ ដែលជាអ្នកជិតខាងរបស់រដ្ឋាភិបាលក្រុងគៀវ។
ការវាយប្រហារត្រូវបានរាយការណ៍ពីតំបន់ទីក្រុងខាគីវ (Kharkiv) ភាគខាងកើតរហូតដល់តំបន់អ៊ីវ៉ាណូហ្វ្រែងគីវសក៍ (Ivano-Frankivsk)ភាគខាងលិច គឺមួយថ្ងៃគត់បន្ទាប់ពីប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែលដើម្បីបញ្ចុះបញ្ចូលមេដឹកនាំសហភាពអឺរ៉ុបផ្តល់អាវុធរយៈចម្ងាយឆ្ងាយនិងយន្តហោះចម្បាំង។
លោកហ្សេលេនស្គីបាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានហោះរំលងពីលើអតីតសហភាពសូវៀត ម៉ុលដាវី និងសមាជិកណាតូ រ៉ូម៉ានី ខណៈហោះឆ្ពោះមកកាន់អ៊ុយក្រែន ទោះបីជារដ្ឋាភិបាលក្រុងប៊ូការ៉េសបានបដិសេធការអះអាងនេះក៏ដោយ។
ខណៈជម្លោះបង្ហូរឈាមជិតឈានដល់ខួបមួយឆ្នាំរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ សេតវិមានបាននិយាយថា លោកបៃដិននឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញដែលជាសម្ពន្ធមិត្តរបស់ណាតូនៅថ្ងៃទី ២០-២២ ខែកុម្ភៈ។
សេតវិមានបានឱ្យដឹងថា លោកបៃដិននឹងធ្វើសុន្ទរកថាមួយដើម្បីសម្គាល់ “ការឈ្លានពានដ៏ឃោរឃៅនិងគ្មានញញើតរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយរៀបរាប់អំពីរបៀបដែលសហរដ្ឋអាម៉េរិកប្រមូលផ្តុំពិភពលោកដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន ខណៈពួកគេការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ”។
វិមានក្រឹមឡាំងកាលពីថ្ងៃសុក្រក៏បានប្រកាសដែរថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីននឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិរបស់គាត់នៅថ្ងៃទី ២១ ខែកុម្ភៈ។
រុស្ស៊ីបានកំណត់គោលដៅវាយប្រហារទ្រង់ទ្រាយធំចុងក្រោយលើអ៊ុយក្រែនកាលពីចុងខែមករា គឺប៉ុន្មានថ្ងៃបន្ទាប់ពីសម្ពន្ធមិត្តលោកខាងលិចបានយល់ព្រមផ្តល់រថក្រោះធុនធ្ងន់ដល់រដ្ឋាភិបាលក្រុងគៀវ។
លោកហ្សេលេនស្គីបានហៅការវាយប្រហារថ្មីរបស់រុស្សីថា “ជាការប្រជែងជាមួយអង្គការណាតូ” ដោយបន្ថែមថា “នេះគឺជាភេរវកម្មដែលអាចនិងត្រូវតែបញ្ឈប់”។
ក្រសួងការពារជាតិរ៉ូម៉ានីបាននិយាយថា ខ្លួនបានរកឃើញ “គោលដៅពីលើអាកាសដែលបាញ់ចេញពីសមុទ្រខ្មៅពីកប៉ាល់សហព័ន្ធរុស្ស៊ី” ប៉ុន្តែ “គ្មានចំណុចណាដែលវាប្រសព្វជាមួយដែនអាកាសរបស់រ៉ូម៉ានីទេ”។
ក្រសួងការពារជាតិម៉ុលដាវីបានបញ្ជាក់ថា មីស៊ីលរុស្ស៊ីបានឆ្លងកាត់ដែនអាកាសរបស់ខ្លួន ដោយបន្ថែមថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី៕
យុទ្ធជននិងប្រជាជនអ៊ុយក្រែនជ្រកក្នុងជម្រកក្រោមដី នៅពេលរុស្ស៊ីវាយប្រហារតាមអាកាស