ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កីឡាករ ធី​អា​ហ្គោ ស៊ី​ល​វ៉ា (Thiago Silva) បាន​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​បន្ត​នៅ​ជាមួយ Chelsea រហូត​ដល់​រដូវក្តៅ​ឆ្នាំ ២០២៤​។​

​កីឡាក​រវ័យ ៣៨ ឆ្នាំ​រូប​នេះ​បាន​ក្លាយជា​អ្នកដឹកនាំ​តំបន់​ការពារ​របស់ Chelsea ចាប់តាំងពី​ចូលរួម​ជាមួយ Paris St Germain ក្នុង​ខែសីហា ឆ្នាំ ២០២០​នៅក្នុង​អ្វីដែល​គេ​មើលឃើញ​ពី​ដំបូង​ថា​ជាការ​ស្នាក់​នៅ​រយៈពេល​ខ្លី ប៉ុន្តែ​បាន​បន្ត​ស្នាក់​នៅ​កាន់តែ​យូរ​ដោយសារ​ការលេង​ហ្នឹង​ថឹ​ង​របស់ខ្លួន​។​

​ធី​អា​ហ្គោ ដែល​បាន​ជួយ Chelsea ឈ្នះ​ពានរង្វាន់ Champions League ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ​ឯ​កីឡដ្ឋាន Stamford Bridge បាន​និយាយថា “​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុង​ការបន្ត​អាជីព​របស់​ខ្ញុំ​ជាមួយ​ក្រុម​តោ​ខៀវ​”​។​

“​នៅ​ពេល​ខ្ញុំ​ចុះ​កិច្ចសន្យា​ដំបូង​របស់​ខ្ញុំ​នៅទីនេះ វា​គឺ​គ្រាន់​តែ​សម្រាប់​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។ ឥឡូវ វា​ជា​ឆ្នាំ​ទី​បួន​ហើយ​។ ខ្ញុំ​មិនដែល​នឹក​ស្រមៃ​រឿង​បែប​នោះទេ ប៉ុន្តែ​វា​ពិត​ជា​ពេលវេលា​ដ៏​ពិសេស​សម្រាប់​ខ្ញុំ​ក្នុង​ការចុះហត្ថលេខា​និង​បន្ត​នៅ Chelsea”​។​

​ការទិញ​កីឡាករ​ឥត​សំចៃ​ដៃ​នៅ​ខែ​មករា​របស់ Chelsea រួម​មាន​ការទិញ​ក្នុងតម្លៃ ៣៥ លាន​ផោន​សម្រាប់​កីឡាករ បេណ​យ បា​ឌី​អាស៊ី​ល (Benoit Badiashile) ពី Monaco ដោយ​បន្ថែម​ចំនួន​កីឡាករ​កាន់តែ​ច្រើន​នៅ​តំបន់​ការពារ​កណ្តាល ប៉ុន្តែ​ទោះបីជា​មាន​ការប្រកួតប្រជែង​កាន់តែ​ខ្លាំង​យ៉ាងណា​ក៏ដោយ ក៏​ការធានាបាន​ហត្ថលេខា​មួយឆ្នាំ​ពី​ធី​អា​ហ្គោ​នៅតែ​ជា​អាទិភាព​សម្រាប់ Chelsea ។​

​ប្រធាន​ក្លិប លោក ថុត បូ​លី (Todd Boehly) និង​ម្ចាស់​សហ​គ្រប់គ្រង​លោក បេដា​ដ អេក​បាលី (Behdad Eghbali) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​រីករាយ​ដែល​ធី​អា​ហ្គោ​បាន​សម្រេចចិត្ត​បន្ត​នៅ​ជាមួយ Chelsea”​។​

“​គាត់​ជា​កីឡាករ​មាន​ទេពកោសល្យ​លំដាប់​ពិភពលោក ដូចដែល​គាត់​បាន​បង្ហាញ​ឱ្យឃើញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​សម្រាប់​ក្លិប​និង​ប្រទេស ហើយ​បទពិសោធន៍ គុណភាព និង​ជំនាញ​ភាពជា​អ្នក​ដឹកនាំ​របស់​គាត់​មាន​សារៈសំខាន់​ចំពោះ​ចក្ខុវិស័យ​របស់​យើង​ឆ្ពោះទៅមុខ​”​។​

“​យើង​រំភើបចិត្ត​ដែល​គាត់​បាន​បន្ត​កុងត្រា​ជាមួយ​យើង ហើយ​យើង​ទន្ទឹង​រង់ចាំ​ជោគជ័យ​បន្ថែម​ទៀត​ជាមួយ​គាត់​នៅពេល​ខាងមុខ​”៕

​ធី​អា​ហ្គោ​នឹង​បន្ត​លេង​ឱ្យ Chelsea ដល់​រដូវក្តៅ​ឆ្នាំ​២០២៤