ដោយៈសុក្ខារិន /ពោធិសាត់:ស្រូវពូជរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចែកជូនដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់ចំនួន៩០៥គ្រួសារ មកពីបីឃុំក្នុងស្រុកកណ្តៀង(ឃុំកញ្ជរ ឃុំស្យា និងឃុំអន្លង់វិល )កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៣នៅបរិវេណសាលាបឋមសិក្សា៧មករាកញ្ជរ។ កសិករក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាមសម្រាប់ដាំដុះបន្តទៀត។
លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានឱ្យដឹងថា កាលពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែមករាកន្លងទៅមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានក្លាយជាជំនន់ទឹកភ្លៀង(រដូវប្រាំង)បង្កការប៉ះពាល់ លិចលង់ និងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងមូលដ្ឋានជាពិសេសផលដំណាំស្រូវរដូវប្រាំង របស់កសិករទើបតែធ្វើការសាបព្រោះជាលើកទី២។ស្ថិតក្នុងស្ថានភាពនេះគណៈប្រតិភូថ្នាក់ជាតិ ថ្នាក់ខេត្តនិងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យនិងវាយតម្លៃជាក់ស្តែងឃើញថា នៅក្នុងស្រុកកណ្តៀងមានបីឃុំស្មើនឹង២៧ភូមិ រួមមាន ឃុំអន្លង់វិល ឃុំស្យានិងឃុំកញ្ជរ ទទួលរងការប៉ះពាល់និងខូចខាតផលដំណាំកសិកម្ម ផ្ទៃដីស្រូវប្រាំងចំនួន១ ២៤០ហិកតា។ ប្រជាពលរដ្ឋចំនួន៩០៥គ្រួសារ តម្រូវការស្រូវពូជសម្រាប់ធ្វើស្រែរដូវប្រាំង។
លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីតំណាងលោកឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយ លោក ខូយ រីដា អភិបាលខេត្តពោធិសាត់ ក្នុងឱកាសចែកពូជស្រូវនេះបាននាំមកនូវការផ្តាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចការតែងតែផ្តោតការយកចិត្តទុកដាក់គិតគូរដោះស្រាយអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកទាំងពីរបានលើកទឹកចិត្តដល់កសិករឱ្យធ្វើការដាំដុះបន្តទៀតជាមួយនឹងការយកចិត្តទុកដាក់ថែទាំផងដែរ៕សរន / N