ដោយៈ សរិទ្ធ / ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ប្រើល្បិចជួលរថយន្តជិះពីក្រុងតាខ្មៅ មកភ្នំពេញ ហើយបានឆ្លៀតឱកាស យកខ្សែកាបរឹតក ប្លន់សម្លាប់ម្ចាស់រថយន្ត ប៉ុន្តែដោយសារម្ចាស់រថយន្ត មានស្មារតីរឹងមាំ ប្រតាយជាមួយជនសង្ស័យ រួចទាញចង្កូត ទៅបុកខឿន បណ្តាលឲ្យជនសង្ស័យ ភ័យនាំគ្នារត់គេចខ្លួន ខណៈម្ចាស់រថយន្ត រួចផុតជីវិត និងរងការខូចខាតរថយន្ត ផ្នែកខាងមុខធ្ងន់ធ្ងរ ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០នាទី យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ចំណុចក្បែនឹងផ្សារ ទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសរងគ្រោះ ជាម្ចាស់រថយន្ត បានឲ្យដឹងថាៈ រថយន្តរបស់គាត់ ម៉ាកតូយ៉ូតា ព្រូស ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-0575 ខណៈរថយន្តនេះ គាត់យកធ្វើជាមុខរបរ រត់តាក់ស៊ី។

បុរសរងគ្រោះ បានបន្តថាៈ នៅមុនកើតហេតុ មានជនសង្ស័យ មានគ្នា បីនាក់ បានប្រើ ល្បិច ធ្វើជាតេតាមអែប ហៅរូបគាត់ ឱ្យទៅយកនៅចំណុចក្រោយបន្ទាយទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយមករូបគាត់ ក៏បានបើករថយន្ត ទៅយកជនសង្ស័យទាំង បីនាក់នោះ រួចត្រឡប់មកភ្នំពេញវិញ។

លុះជិះកាត់តាមបណ្តោយផ្លូវ ៥០ ម៉ែត្រ មកដល់ចំណុចស្ងាត់ ជនសង្ស័យទាំងបីនាក់នោះ ក៏បានប្រើល្បិចធ្វើជាចង់ចុះបត់ជើងតូច ហើយឱ្យម្ចាស់រថយន្ត អែបកៀនឈប់សិន ប៉ុន្តែដោយសារម្ចាស់រថយន្ត មានអារម្មណ៍មិនស្រួល ក៏អត់បានឈប់ ហើយបន្តល្បឿន បើកទៅមុខ រហូតមកដល់ផ្លូវ ៣០ ម៉ែត្រ ក្បែនឹងជិតដល់នឹងផ្សារទួលពង្រ ស្រាប់តែ ជនសង្ស័យទាំង បីនាក់នោះ បានធ្វើសកម្មភាពយកខ្សែកាបរឹតក ម្ចាស់រថយន្ត បម្រុងនឹងប្លន់សម្លាប់ តែដោយសារស្មារតីម្ចាស់រថយន្តរឹង ក៏បានយកដៃម្ខាង ប្រតាយប្រតប់ និងជនសង្ស័យ រួចក៏បានបួងចង្កូតរថយន្ត ជ្រុលទៅបុកខឿន បណ្តាលឱ្យរថយន្ត រងការខូចខាត ផ្នែកខាងមុខទាំងស្រុង ទើបរថយន្តទៅមុខលែងរួច ហើយភ្លាមនោះដែរ ជនសង្ស័យទាំង បីនាក់នោះ ក៏បានបើកទ្វារ ចុះពីរថយន្ត រត់គេចខ្លួន បាត់ស្រមោល ក្រោយមក ក៏មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ជិតខាងចេញមកមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ឱ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ រួចក៏បាននាំបុរស ជាម្ចាស់រថយន្ត ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីធ្វើការសាកសួរបន្ត ចំណែករថយន្ត ដោយពិនិត្យមិនឃើញប៉ះពាល់ ទៅលើភាគីដទៃ និងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋ ក៏ឱ្យម្ចាស់រថយន្ត ស្ទូចយកទៅជួសជុល ដោយខ្លួនឯង៕ V / N