ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ក្នុង​តំបន់​របស់​ចិន​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្កើន​អត្រា​កំណើត​របស់​ប្រទេស​។​

​លោក យ៉ាង វិន​ជួង (Yang Wenzhuang) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​កុម្ភៈ​ថា ក្រុម​មន្ត្រី​ត្រូវតែ​ចាត់​វិធានការ​យ៉ាង​សកម្ម ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដ៏​អាក្រក់​នៃ​គោល​នយោបាយ​ប្រឆាំង​កំណើន​ប្រជាជន​ដ៏​យូរអង្វែង​របស់​ចិន​។​

​លោក​ក៏​បាន​ជំរុញ​មន្ត្រី​ឱ្យ “​បង្កើត​ការច្នៃប្រឌិត​ដ៏​ក្លាហាន​” ក្នុង​ការដោះស្រាយ​ការចំណាយ​ខ្ពស់​លើ​ការថែទាំ​កុមារ​និង​ការអប់រំ​ផង​ដែរ​។​

​ចិន​បាន​រាយការណ៍​កាលពី​ខែ​មករា​ថា ចំនួន​ប្រជាជន​របស់​ខ្លួន​បាន​ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​រយៈពេល ៦០ ឆ្នាំ​។​

​ក្នុង​ឆ្នាំ ២០២២ មានកំណើត​ត្រឹមតែ ៦,៧៧ នាក់​ក្នុង ១.០០០ នាក់​នៅក្នុង​ប្រទេស​ចិន ដែល​ជា​អត្រាកំណើត​ទាប​បំផុត​ក្នុង​កំណត់ត្រា និង​ធ្លាក់ចុះ​ពី​អត្រាកំណើត ៧,៥២ នាក់​ធៀប​ឆ្នាំ​ទៅ​មិញ​។​

​គោលនយោបាយ​កូន​មួយ​ដ៏​តឹងរ៉ឹង​របស់​ប្រទេស ដែល​ត្រូវបាន​អនុវត្ត​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ ២០១៥ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ប្រជាជន​លឿន​ពេក​របស់ខ្លួន ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ការធ្លាក់ចុះ​នេះ​។ គ្រួសារ ដែល​បំពាន​ច្បាប់​នេះ ត្រូវបាន​ពិន័យ ហើយ​ក្នុង​ករណីខ្លះ​ថែមទាំង​បាត់បង់​ការងារ​ទៀតផង​។​

​ដែន​កំណត់​នេះ​ត្រូវបាន​បន្ធូរបន្ថយ​នៅ​ទូទាំង​ប្រទេស​សម្រាប់​គូ​ស្វាមីភរិយា​ដែល​បាន​រៀបការ​ឱ្យ​មាន​កូន​ដល់​២​នាក់​ក្នុង​ឆ្នាំ ២០១៦ ហើយ​បាន​បង្កើន​បន្ថែមទៀត​ដល់​៣​នាក់​ក្នុង​ឆ្នាំ ២០២១​។ ប៉ុន្តែ​ខេត្ត​មួយ គឺ ស៊ី​ឈ័ន បាន​អនុម័ត​ច្បាប់​រឹតតែ​ធូររលុង​ជាងនេះទៀត​។​

​លោក​យ៉ាង ដែល​ដឹកនាំ​នាយកដ្ឋាន​តាមដាន​ចំនួន​ប្រជាជន​និង​ការអភិវឌ្ឍ​គ្រួសារ​របស់​ប្រទេស បាន​និយាយថា “​ក្រុម​មន្ត្រី​ត្រូវតែ​ចាប់​យក​យ៉ាង​ម៉ឺងម៉ាត់​នូវ​រយៈពេល​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​ចំនួន​ប្រជាជន​”​។​

​ថ្លែង​ទៅ​កាន់​ទស្សនាវដ្ដី​សុខភាព​ដែល​គាំទ្រ​ដោយ​រដ្ឋ​មួយ លោក​យ៉ាង​បាន​និយាយថា ការព្រួយបារម្ភ​អំពី​ការចំណាយ​លើ​ការថែទាំ​កុមារ​កំពុងមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើន​ប្រជាជន​។ លោក​ក៏​បាន​កំណត់​បញ្ហា​ប្រឈម​ជុំវិញ​ប្រាក់ និង​គោលដៅ​អាជីព​ជា​មូលហេតុ​នៃ​ការធ្លាក់​ចុះ​អត្រាកំណើត​ផងដែរ​។​

​លោក​យ៉ាង​បាន​និយាយថា “​អាជ្ញាធរ​ក្នុង​តំបន់​គួរតែ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យធ្វើ​ការស្វែងរក​យ៉ាងសកម្ម និង​បង្កើត​ការច្នៃប្រឌិត​ដ៏​ក្លាហាន​ក្នុង​ការកាត់បន្ថយ​ការចំណាយ​លើ​ការ​សម្រាលកូន ការថែទាំ​កុមារ និង​ការអប់រំ​” ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​តុល្យភាព​រយៈពេល​វែងរ​បស់​ប្រជាជន​។​

​ខេត្ត​មួយចំនួន​បាន​ចាប់ផ្តើម​អនុវត្ត​វិធានការ​ថ្មី​រួចហើយ ដើម្បី​ព្យាយាម​ជំរុញ​អត្រាកំណើត រួមទាំង​ការផ្តល់ប្រាក់​ដល់​ម្ចាស់​ជំនួយ​មេ​ជីវិត​ឈ្មោល​។​

​នៅ​ខេត្ត​ស៊ី​ឈ័ន អាជ្ញាធរ​សុខាភិបាល​បាន​និយាយថា ពួកគេ​នឹង​អនុញ្ញាត​ឱ្យ​គូ​ស្វាមីភរិយា​មិនទាន់​រៀបការ​អាច​ចិញ្ចឹម​គ្រួសារ និង​ទទួលបាន​អត្ថប្រយោជន៍​ដែល​បម្រុង​ទុក​សម្រាប់​គូ​ស្វាមីភរិយា​ដែល​រៀបការ​។ កន្លងមក​មាន​ការហាមឃាត់​ស្ត្រី​មេម៉ាយ​មិនឱ្យ​ចុះបញ្ជី​កំណើត​ទេ​។​

​អាជ្ញាធរ​ក្នុង​តំបន់​ក៏​បាន​ប្រកាស​ដែរ​ថា​គូ​ស្វាមីភរិយា​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យមាន​កូន​ច្រើន​តាម​ដែល​ពួក​គេ​ចង់បាន ដែល​ជា​ការទាះ​បញ្ច្រាស់​ដ៏​សំខាន់​នៃ​គោលនយោបាយ​កូន​មួយ​៕

​ចិន​កំពុង​ប្រឈម​មុខ​នឹង​ការធ្លាក់​ចុះ​ចំនួន​ប្រជាជន​និង​អត្រា​កំណើត