ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សិក្ខាកាមដែលបានមកទទួល ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈនេះ ពិតជាបានជួយសម្រួលការងារ ជូនដល់អង្គភាពមួយផ្នែក និងប្រយោជន៍ជុំវិញ សហគមន៍របស់ខ្លួន បានមួយកម្រិត។ ជាមួយគ្នានេះ យោធិន ដែលបានបញ្ចប់ជំនាញ បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រើប្រាស់ជាប្រយោជន៍ ក្នុងកងអង្គភាព និងសហគមន៍ របស់ខ្លួនផងដែរ។ នេះជាការបញ្ជាក់ពីសំណាក់ លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងទ័ពជើងគោក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា លោក ហេង សួរ បានអបអរសាទរ និងកោតសរសើរ ដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំរៀនសូត្រ ទទួលបាននូវ ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា។ ទន្ទឹមនេះ លោក ហេង សួរ បានថ្លែងអំណរគុណចំពោះ លោក ប៊ុន ភារិន នាយកវិទ្យាស្ថាន ក៏ដូចជាគ្រូឧទ្ទេស ព្រមទាំងសហការី ដែលបានផ្តល់កិច្ច សហការ ក្នុងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនេះឡើង។
លោក ហេង សួរ បានលើកឡើងថាៈ ដោយមើលឃើញនូវសក្តានុពល នៃកិច្ចសហ ប្រតិបត្តិការ ក្នុងក្របខណ្ឌ រវាងកងទ័ព និងស្ថាប័នស៊ីវិល វិស័យឯកជន ក្រោមរូបភាព សម្ព័ន្ធមេត្រីភាព ដល់បណ្តាអង្គភាពកងទ័ព ប្រកបដោយជោគជ័យក៏ដោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតថា នៅមានការងារជាច្រើនទៀត ដែលយើងអាចរួមគ្នាជួយដល់ យោធិនរបស់យើង ក្រៅពីការផ្តល់ជាថវិកា សម្ភារ ឬមធ្យោបាយនានា។ ដោយឡែក ការផ្តល់ជំនាញបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ នេះទៀតសោត ជាចំណេះជំនាញ ដ៏វិសេសវិសាលមួយ ដែលអាចឱ្យពួកគាត់ទទួលបាន ផលយូរអង្វែង និងមាននិរន្តភាព សម្រាប់ជួយដល់អង្គភាពខ្លួនគាត់ផង និងក៏អាចយកទៅ បំរើប្រជាពលរដ្ឋ នៅជុំវិញអង្គភាពរបស់គាត់ បានមួយចំណែកផងដែរ។
ទាក់ទិនក្នុងរឿងនេះដែរ លោក ហេង សួរ បានថ្លែងបញ្ជាក់ថាៈ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជារីករាយ ក្នុងការចូលរួមសហការជាមួយ បណ្តាអង្គភាព កងទ័ព ដើម្បីចូលរួមអនុវត្តជាដំណាក់ៗ ឱ្យបានជោគជ័យ ទៅតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់លោក ហ៊ុន ម៉ាណែត។ ក្រៅពីវគ្គបណ្តុះបណ្តាល ដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាល លើមុខជំនាញផ្សេងៗទៀត ជូនដល់កងទ័ព តាមវិទ្យាស្ថាន ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស ដែលបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧ គ្រឹះស្ថានសិក្សា៕ V / N