ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាអនុគណ ស្រុករលាប្អៀរ ស្ថិតនៅវត្តវិហារហ្លួង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រគេន និងទទួលសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ក្រោមអធិបតីភាព លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល ” និងព្រះអធិបតីភាព ព្រះមេត្តិសត្ថ វង្ស កុសល ព្រះអនុគណស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពី លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង មន្រ្តីសង្ឃសាលាអនុគណស្រុក ព្រះចៅអធិការ និងអាចារ្យ ៦២ វត្ត ក្នុងស្រុក ប្រធានការិយាល័យជំនាញស្រុក អាជ្ញាធរឃុំទាំង១៤ ក្នុងស្រុករលាប្អៀរ។
ព្រះគ្រូសិរីធម្មវង្សា សេង ដា ជំនួយការសាលាអនុគណស្រុករលាប្អៀ បានមានសង្ឃដីកា ឱ្យដឹងថាៈ សៀវភៅដែលញោម ពៅ សុខ នាំយកប្រគេន និងជូនសាលាគណខេត្ត, មន្ទីរធម្មការ និងសាសនាខេត្ត រដ្ឋបាលស្រុករលាប្អៀរ, សាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ពុទ្ធិកអនុវិទ្យាល័យខ្សាម រដ្ឋបាលឃុំទាំង១៤ ទទួលបាន ១ឈុត មាន៥ក្បាល និងវត្តទាំង៦២ ក្នុងស្រុករលាប្អៀរ ទទួលបាន ១ក្បាលក្នុង១វត្តៗ ក្នុងនោះមានៈ ១.សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ១២០ ច្បាប់, ២.សៀវភៅ អ្នកយុទ្ធសាស្ត្រ វ័យក្មេងនៅអាស៊ីចំនួន ៣០ក្បាល, ៣.សៀវភៅទឹកចិត្តអ្នកជួយសង្រោះ ចំនួន ៣០ក្បាល,៤.សៀវភៅសម្ដេច ហ៊ុន សែន ៣យន្តការឈ្នះ កូវីដ-១៩ ចំនួន ៣០ក្បាល, ៥.សៀវភៅសម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ចំនួន ៣០ ក្បាល សរុប ២៤០ ក្បាល ។
ក្នុងឱកាសនោះ លោក ពៅ សុខ បានមានប្រសាសន៍ថាៈ ការរៀបចំចងក្រងជាសៀវភៅ ខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ ក្រោយ បានសិក្សាឈ្វេងយល់ អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។
លោក បានមានប្រសាសន៍ថាៈ សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ នាពេលកន្លងមក ។
ក្នុងឱកាសនោះ ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកា ដោយសម្តែងព្រះទ័យ រីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ពៅ សុខ ព្រមទាំងក្រុម ការងារទាំងអស់ ដែលបានផ្តល់សៀវភៅ បែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។
ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកាបន្តថាៈ ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យ នៅពេលនេះ គឺពិតជាល្អ ចំពេលមានតម្រូវការ ព្រោះសៀវភៅដ៏មានតម្លៃនេះ គឺជាការចែករំលែកនូវពុទ្ធិ ក្នុងការសិក្សាឈ្វេងយល់ ឲ្យកាន់តែច្បាស់ អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕/V