ដោយៈបាយ័ន / សៀមរាបៈ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប សិស្សក្រីក្រជួបការលំបាក តាមសាលាបឋមសិក្សា ពីជនបទ ក្នុងខេត្តសៀមរាប ចំនួន ១.០៣៥ នាក់ បានទទួលកង់ម្នាក់ ១គ្រឿង ពីអង្គការសុបិន្ត សហគមន៍កម្ពុជា ដែលជាជំនួយពីរ៉ូតារីក្លិប សិនតូសា សាំងហ្គាពួរ ដើម្បីឲ្យសិស្សក្រីក្រ ជួបការលំបាក។
ការផ្ដល់អំណោយនេះ គឺមានគោលបំណងធំសំខាន់ ដើម្បីផ្តល់លទ្ធភាពងាយស្រួល ដល់សិស្សានុសិស្ស ធ្វើដំណើរទៅបន្តការសិក្សា នៅតាមសាលារៀនរបស់ពួកគេ ។
ប្រភពព័ត៌មានពីសាលាខេត្តសៀមរាប បានឱ្យដឹងថាៈ កម្មវិធីនេះ បានធ្វើឡើងក្រោម វត្តមានចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប, លោក Abe Jacob ប្រធានរ៉ូតារីក្លិប សិនតូសាសាំងហ្គាពួរ និងអ្នកស្រី Jenni Lipa ប្រធានអង្គការសុបិន្ត សហគមន៍កម្ពុជា និងលោក លោកស្រី ជាភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្ស ជាច្រើននាក់។
អ្នកស្រី Jenni Lipa បានមានប្រសាសន៍ថាៈ អង្គការនេះ បានបំពេញកិច្ចការមនុស្ស ធម៌នៅកម្ពុជា អស់រយៈកាល ១៦ ឆ្នាំកន្លងមកហើយ ដោយចាប់ផ្ដើមកម្មវិធីទឹកស្អាត ដែលមានការសាងសង់ អណ្ដូងទឹកស្អាត, បង្គន់អនាម័យ, និងអនាម័យ ហើយមានកម្មវិធី ចំនួន៣ទៀត រហូតមកដល់ពេលនេះ គឺកម្មវិធីអប់រំ (ភាសាអង់គ្លេស, ថ្នាក់មតេយ្យ, បណ្ដាល័យ និងថ្នាក់បង្រៀនកុំព្យូទ័រ) ក្នុងនោះ ក៏មានកម្មវិធីសុខភាពនិងសុខុមាលភាព សង្គម (ផ្ដល់អាហាររូបត្ថម្ភ, កម្មវិធីកីឡា, បណ្ដុះបណ្ដាលសហគមន៍) និងសហគ្រាស សង្គម (កសិរុក្ខកម្ម និងអ្នកលក់សាប៊ូ) ។
លោកស្រី បានឲ្យដឹងថាៈ អង្គការយើង បានសហការជាមួយរ៉ូតារីក្លិប សិនតូសា សាំងហ្គាពួរ ក្នុងការផ្ដល់កង់ ដល់សិស្សចំនួន ១.០៣៥ នាក់ ក្នុងម្នាក់ ទទួលបានកង់ ១គ្រឿង ដែលពួកគេមកពីសាលា ចំនួន ១៨៣ សាលា នេះជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរួមចំណែក ក្នុងវិស័យអប់រំនៅកម្ពុជា និងជាការធ្វើឲ្យប្រសើរឡើង នូវការសិក្សាអប់រំ របស់សិស្ស និងការលើកកម្ពស់ជីវភាព របស់ពលរដ្ឋនៅកម្ពុជា ផងដែរ ។
លោក Abe Jacob ប្រធានរ៉ូតារីក្លិបតុសាសាំងហ្គាពួរ បានមានប្រសាសន៍ ក្នុងឱកាសចែកកង់ នាព្រឹកនេះថាៈ យើងនឹងបន្តសហការគ្នា ដើម្បីចូលរួមជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍ ដូចជាជួយសាងសង់បង្គន់អនាម័យ ផ្ដល់កង់ដល់សិស្ស នៅតាមជនបទ ដាច់ស្រយាល ជាដើម។ ហើយយើងយល់ថា ការធ្វើការរួមគ្នា ទាំងធនធានមនុស្ស ទាំងថវិកា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែក បណ្ដុះគំនិតប្រាជ្ញា និងធ្វើឲ្យកម្ពុជា មានភាពប្រសើរឡើង។
លោកបានបញ្ជាក់ថាៈ រហូតមកដល់ពេលនេះ ខាងរ៉ូតារីក្លិបរបស់លោក បានផ្ដល់កង់ ប្រមាណជា ៧ ពាន់គ្រឿងហើយ ដល់សិស្សសាលានៅកម្ពុជា ។
នៅក្នុងឱកាសនោះផងដែរ លោកស្រី ម៉ននី រង្សី បានមានប្រសាសន៍ថាៈ ពិធីចែកកង់ ជូនដល់សិស្សជួបការលំបាកចំនួន ១.០៣៥ នាក់ ក្នុងខេត្តសៀមរាប នាពេលនេះ ពិតជាបានបញ្ជាក់នូវការយកចិត្តទុកដាក់ ក្នុងការជំរុញឲ្យកុមារ យុវជន ឲ្យចូលសាលារៀន និងបានផ្តល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងជួបការលំបាក មានលទ្ធភាព ក្នុងការមករៀន បានទាន់ពេលវេលា។
ក្នុងនាមគណៈអភិបាលខេត្ត លោកស្រី សូមសំដែងនូវអំណរអរគុណ ដល់ក្រុមអង្គការ រ៉ូតារិក្លិបសិនតូសា សាំងហ្គាពួរ អង្គការសុបិន្តសហគមន៍កម្ពុជា ដែលបានផ្តល់កង់ និងរៀបចំឲ្យមាន ពិធីចែកកង់ នៅពេលនេះឡើង៕ V / N