ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានទុកពេល៧២ម៉ោងឱ្យវិទ្យុ វីអូឌី (VOD) សូមទោសរាជរដ្ឋាភិបាលនិងសូមទោសលោក ហ៊ុន ម៉ាណែត។ សម្តេចតេជោក៏បានឱ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាលោក គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណី ពួកគេមិនព្រមសូមទោស។វិទ្យុ វីអូឌី បានផ្សាយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។
នៅល្ងាចថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការថា“ដើម្បីបញ្ចប់ នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេតែវាជា រឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិការនិយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី។ ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិការផ្តល់ជូន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សម្រាប់ជំនួយទៅប្រទេសតួកគីយោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃទី ៨ ខែកុម្ភៈម៉ោង៦:៥៦នាទី។ បញ្ជាខ្ញុំឱ្យប្រកាស១០ម៉ឺនដុល្លារម៉ោង៧:១២នាទីនិងបញ្ជូនសំណេរ ទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង៧:១៨ នៅព្រឹកថ្ងៃទី ៨ កុម្ភៈ២០២៣ដូចគ្នា។ តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឱ្យសូមទោសជាសាធារណៈរយៈពេល ៧២ម៉ោង ដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោស ហ៊ុន ម៉ាណែត ផង”។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានឱ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាលោក គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។
សម្តេចតេជោបានបញ្ជាក់ថា យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។សូមកុំថាយើង គំរាមឱ្យសោះ(សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភក្រ័បរទេសឬសង្គមស៊ីវឹលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។ ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ១៤ មករា ២០២៣ កន្លងទៅគឺអ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត។
ទាក់ទងករណីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុវីអូឌី( VOD )បង្ហាញឯកសារដែលបញ្ជាក់ថា លោកបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះលោកមិនបានដឹងរឿងនេះទេ។ នេះបើយោងតាមសាររបស់លោក ហ៊ុន ម៉ាណែត ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការកាលពីព្រឹកព្រលឹមថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣។
សាររបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថា “ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebookតាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពច្បាស់លាស់៖ខ្ញុំសុំឱ្យវិទ្យុVODបង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផងព្រោះខ្ញុំមិនបានដឹងរឿងនេះហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់”។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងសារដដែលនេះថា “បើ VOD មិនមានឯកសារហើយចុះផ្សាយពត៌មាន មិនត្រឹមត្រូវដោយអចេតនានោះសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបខ្ញុំក្នុងរឿងនេះ។ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ”៕សរន