ដោយៈ សុក្ខារិន / ពោធិសាត់: នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយមន្រ្តីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលស្រុកវាលវែង បានអញ្ជើញចុះពិនិត្យមើលការដ្ឋានវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅត្រង់ចំណុចចិនយំ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថាៈគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅត្រង់ចំណុចចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង បានចាប់ផ្តើមដំណើរការ នៅចុងឆ្នាំ២០២២ ដោយក្រុមហ៊ុនចិន និងកូរ៉េ មានអានុភាព ៨០ មេហ្គាវ៉ាត់ គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ២០២៦ ។

លោក ខូយ រីដា បានរំលឹកថា កន្លងមក រដ្ឋបាលខេត្ត បានដឹកនាំកិច្ចពិភាក្សាលើសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណងលើការមកតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងការប៉ះពាល់ ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ រួចហើយ។

នៅពេលនេះ លោក ខូយ រីដា បានស្នើឲ្យតំណាងក្រុមវិនិយោគថា នៅរាល់ការងារក្នុងការដ្ឋាន ត្រូវមានកិច្ចសហការល្អជាមួយក្រុមការងារ អនុក្រុមការងារ លេខាធិការដ្ឋានខេត្ត និងអាជ្ញាធរដែនដី ដើម្បីពន្លឿន និងបញ្ចៀសនូវហានិភ័យ ទៅលើការអនុវត្តគម្រោង។

បើតាមប្រសាសន៍របស់លោក អភិបាលខេត្តពោធិសាត់ បានឲ្យដឹងថាៈ មកដល់ពេលនេះប្រទេសកម្ពុជា មានវារីអគ្គិសនី ចំនួន ៧ កន្លែងដោយ ៦ កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជា មានដូចជា វារីអគ្គិសនីអាតៃ ឫស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ ។ ចំណែកមួយកន្លែងទៀត គឺវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា។

ចំពោះខេត្តពោធិ៍សាត់ មានវារីអគ្គិសនីចំនួន ២ កន្លែង គឺទី១ វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង សាងសង់ ដោយក្រុមហ៊ុនចិន មានអានុភាព ១២០ មេហ្គាវ៉ាត់ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តាំងពីឆ្នាំ ២០១៥ និងទី២ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ (ត្រង់ចំណុចចិនយំ) បាននឹងកំពុងដំណើរការសាងសង់ នៅចុងឆ្នាំ២០២២ ដោយក្រុមហ៊ុនប្រទេសចិន និងប្រទេសកូរ៉េ មានអានុភាព ៨០ មេហ្គាវ៉ាត់ ហើយគ្រោងបញ្ចប់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ២០២៦៕/V/R