ដោយ: មុនីរ័ត្ន / ភ្នំពេញៈ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសទុកពេល ៧២ម៉ោង ឲ្យវិទ្យុវីអូឌី (VOD) សុំទោសរាជរដ្ឋាភិបាល និងសុំទោសលោក ហ៊ុន ម៉ាណែត កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតមកដល់ត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ វិទ្យុវីអូឌី នៅមិនទាន់ធ្វើការសុំទោសរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត នៅឡើយទេ។
លោក អ៊ិត សុធឿត នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: នេះថាៈ “ខ្ញុំអត់ទាន់និយាយពេលនេះទេ សុំពេលដើម្បីជជែកគ្នាបន្តិចសិន ដើម្បីសិក្សាអំពីបញ្ហានេះសិន”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទុកពេលឲ្យវិទ្យុ VOD រយៈពេល ៧២ម៉ោង សូមទោសរាជរដ្ឋាភិបាល និងសូមទោសលោក ហ៊ុន ម៉ាណែត។ សម្តេចតេជោ ក៏បានឲ្យក្រសួងព័ត៌មាន ត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាលោក គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការ ក្នុងករណីពួកគេមិនព្រមសូមទោស។
វិទ្យុវីអូឌី បានផ្សាយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកា ទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដី។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១១ ខែកុម្ភៈ នេះថាៈ “ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាល ទាំងមូលលើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកា និយាយជារួមនិងនិយាយដោយឡែក លើការផ្តល់ជំនួយចំពោះប្រទេសតួកគី។ ច្បាប់និងការអនុវត្ត នៅប្រទេសយើង គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ ដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការ សម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេង រាប់ទាំងឧបនាយករដ្ឋមន្ត្រី មិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយ ក្នុងស្ថាប័នរបស់ខ្លួន ដែលច្បាប់ថវិកាផ្តល់ជូន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាៈ “សម្រាប់ជំនួយទៅប្រទេសតួកគី យោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃ៨ កុម្ភៈ ម៉ោង ៦:៥៦ នាទី។ បញ្ញាខ្ញុំឲ្យប្រកាស ១០ ម៉ឺនដុល្លារ ម៉ោង ៧:១២ នាទី និងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្ត នៅម៉ោង ៧:១៨ នាទី នៅព្រឹកថ្ងៃទី៨ កុម្ភៈ ២០២៣ ដូចគ្នា។ តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ រយៈពេល ៧២ ម៉ោង ដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោស ហ៊ុន ម៉ាណែត ផង”។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រសួងព័ត៌មាន ត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នា លោក គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការ ក្នុងករណីពួកគេមិនព្រមសូមទោស។ យើងមិនចង់បានអ្វី ក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថា យើងគំរាមឱ្យសោះ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភ័ក្រ្ដបរទេស ឬសង្គមស៊ីវិល មុនបញ្ចេញមតិ សូមស្រាវជ្រាវរឿងនេះជាមុនសិន ទាំងអង្គហេតុ និងអង្គច្បាប់។ ចុងក្រោយ ខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំ សម្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ១៤ មករា ២០២៣ កន្លងទៅ គឺអ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត។
ទាក់ទងករណីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុវីអូឌី ( VOD ) បង្ហាញឯកសារ ដែលបញ្ជាក់ថា លោកបានចុះហត្ថលេខា ជំនួសសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកា ទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះលោកមិនបានដឹងរឿងនេះទេ។ នេះបើយោងតាមសាររបស់លោក ហ៊ុន ម៉ាណែត ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការកាលពីព្រឹកព្រលឹម ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣។
សាររបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថាៈ “ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមាន អាជីពពិតប្រាកដ ខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារព័ត៌មានអាជីព ដែលជ្រកក្រោមស្ថាប័នសារព័ត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយ ដែលមានភាពច្បាស់លាស់៖ ខ្ញុំសុំឱ្យវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថា ខ្ញុំបានចុះហត្ថលេខា ជំនួសសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកា ទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិ ក្នុងការចុះហត្ថលេខាលើឯកសារ របស់រាជរដ្ឋាភិបាលដែរ។ ខ្ញុំបានស្រាវជ្រាវរកឯកសារ ដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មានរបស់ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ តែមួយគត់ ដែលមិនមានហត្ថលេខា អ្នកណាទាំងអស់”។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងសារដដែលនេះថាៈ “បើ VOD មិនមានឯកសារហើយចុះផ្សាយព័ត៌មាន មិនត្រឹមត្រូវដោយអចេតនានោះ សូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលព័ត៌មាន និងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំ មកលើរូបខ្ញុំក្នុងរឿងនេះ។ ខ្ញុំមិនចង់បានអ្វី ក្រៅតែពីការពារភាពត្រឹមត្រូវ និងច្បាស់លាស់ទេ”។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថាៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះ ហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលបាននិងកំពុងរងគ្រោះរញ្ជួយដី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថាៈ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏មិនដែលបានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចតេជោ នាយករដ្ឋមន្ត្រី ឡើយ។ ព័ត៌មានទាំងឡាយដែលថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយ ជាការលើកឡើងរបស់អ្នកកាសែតដែលគ្មានប្រភពព័ត៌មានពិតប្រាកដ និងសួរមកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដូចនេះ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ VOD គឺជាព័ត៌មានចចាមអារាម និងជាព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះប៉ុណ្ណោះ។ ដូច្នេះ សូមវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងសារព័ត៌មានផ្សេងទៀតដែលធ្វើការផ្សព្វផ្សាយ ដោយបំផ្លើសការពិត សូមធ្វើការកែតម្រូវជាបន្ទាន់៕/V/R