ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ សមាជិក​ព្រឹទ្ធសភា​ថៃ​ខ្លះ​បានបញ្ជាក់​ថា​ពួកគេ​នឹង​មិន​បោះឆ្នោត​គាំទ្រ​លោក​ស្រី ភែត​ង​តា​ន «​អ៊ុង​អ៊ីង​» ស៊ីណា​វ៉ាត ជា​នាយករដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ​ទេ ទោះជា​គណបក្ស​ប្រឆាំង​ភឿ​ថៃ​ដណ្តើម​បាន​សម្លេង​ឆ្នោត​គាំទ្រ​ភ្លូក​ទឹក​ភ្កូក​ដី​ក្នុង​ការបោះឆ្នោត​នា​ប៉ុន្មាន​ខែ​ខាងមុខ​ក៏ដោយ នេះ​បើ​តាម​ការបញ្ជាក់​ពី​សមាជិក​ព្រឹទ្ធសភា​លោក​វ៉ាន់​ឆៃ សន​ស៊ីរិ​(Wanchai Sornsiri)​។​

​សមាជិក​ព្រឹទ្ធសភា​លោក​វ៉ាន់​ឆៃ សន​ស៊ីរិ​

​លោកស្រី ភែត​ង​តា​ន «​អ៊ុង​អ៊ីង​» ស៊ីណា​វ៉ាត

​លោក​វ៉ាន់​ឆៃ​បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា « សមាជិកសភា​២៥០​នាក់ ឬ​ព្រឹទ្ធសភា​ដែល​នឹង​ឈ្នះ​ភ្លូកទឹកភ្លូកដី​?​។​លោក​ចង់​និយាយ​សំដៅ​ការបោះឆ្នោត​គាំទ្រ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ណា​ម្នាក់​ដែល​ទាមទារ​ការអនុម័ត​យល់ព្រ​មទាំង​ពី​សភា​និង​ព្រឹទ្ធសភា​ព្រម​គ្នា​។​

​លោកស្រី ភែត​ង​តា​ន កូនស្រី​ច្បង​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ដែល​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​គណបក្សប្រឆាំង​ភឿ​ថៃ បាន​សន្យា​ដឹកនាំ​គណបក្ស​ឆ្ពោះទៅរក​ការ​ឈ្នះឆ្នោត​ក្នុង​សម្លេងភាគច្រើន​លើសលប់​ក្នុង​ការបោះឆ្នោត​សកល​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ឧសភា​ឆ្នាំ​នេះ​។​

​យោង​តាម​លោក​វ៉ាន់​ឆៃ គណបក្ស​ណាមួយ​ដែល​ទទួលបាន​សម្លេង​ឆ្នោត​ជា​ង​ពាក់កណ្តាល​នៅក្នុង​សភា ជា​គណបក្ស​ឈានមុខ​គេ​ក្នុង​ការរៀបចំ​បង្កើត​រដ្ឋាភិបាល​តែ​តំណែងនាយករដ្ឋមន្រ្តីត្រូវ​ឆ្លងកាត់​សភា​និង​ព្រឹទ្ធសភា​។​«​ការជ្រើសរើស​នាយករដ្ឋមន្ត្រី​សំខាន់​ដោយ​សារបុគ្គល​នេះ​ត្រូវ​មាន​ទេពកោសល្យ​ដឹកនាំ​និង​ទទួលយក​បាន​ទាំង​ពី​សភា​និង​ប្រជាជាតិ​ទាំងមូល​។​តំណែង​នាយករដ្ឋមន្ត្រី​មិន​ជា​ការ​លេង​សើច​របស់​នរណា​ម្នាក់​ឬ​ក្រុមបក្ខ​ណា​ឡើយ​»​។​

«​នាយក​រដ្ឋមន្ត្រី​ជា​និម្មិត​រូប​នៃ​មោទនភាព​របស់​ប្រជាជាតិ​ទាំងមូល​និង​វា​មិន​សមស្រប​ទេ​ដែល​ជ្រើសរើស​នរណាម្នាក់​ជា​នាយក​រដ្ឋមន្ត្រី​ដូច​អ្វី​បាន​កើ​ត​ឡើង​កាលពី​អតីតកាល​»​។​

​លោក​វ៉ាន់​ឆៃ​ក៏បាន​ច្រាន​ចោល​ការអះអាង​របស់ភែ​តង​តា​ន ក្នុង​យុទ្ធនាការ​បោះឆ្នោត​មួយ​ដែល​ថា គណបក្ស​ភឿ​ថៃ​នឹង​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​។​លោក​ថា​«​ខ្ញុំ​ឮ​គណបក្ស​ភឿ​ថៃ​ថា​នឹង​ដណ្តើម​អោយបាន​សម្លេងឆ្នោត​ភាគច្រើនលើសលប់​និង​ជ្រើសតាំងភែតង​តាន ជា​នាយករដ្ឋមន្ត្រី​។​វា​ជា​រឿង​របស់​ភឿ​ថៃ តែ​ក្រុម​របស់​ខ្ញុំ សម្ពន្ធមិត្ត​របស់​ខ្ញុំ​នឹង​មិន​បោះឆ្នោត​អោយ​ទេ​»​។​

«​បើភែត​ង​តាន ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ទាល់តែ​រក​អោយ​បាន​អាសនៈ​សភា​៣៧៦ តែបើ​រក​មិន​បាន​ទេ​កុំ​សង្ឃឹម​។​តាមពិតក្រុម​ប្រឆាំង​នេះ​ស្វះស្វែង​រក​តែ​អាសនៈ​សភា​២៥០ ។​កុំភ្លេចថា សមាជិក​ព្រឹទ្ធសភា​២៥០​ទៀត​នឹង​បោះ​ទម្លាក់​វិញ​»​។​

​សូមបញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​ថៃ​តំរូវ​អោយ​តំណែង​នាយក​រដ្ឋមន្ត្រី​ត្រូវតែ​បោះឆ្នោត​គាំទ្រ​រួម​គ្នា​ពី​សភា​និង​ព្រឹទ្ធសភា​។​

​រំលឹកថា ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៩ ពួក​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវបាន​តែងតាំងឡើង​ដោយ​សមាសភាព​ក្រុមធ្វើ​រដ្ឋប្រហារ​បាន​បោះឆ្នោត​គាំ​ទ្រ​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា ក្នុង​សម្លេង​លើសលប់ រីឯ​គណបក្ស​ភឿ​ថៃ​ទោះជា​ឈ្នះ​ឆ្នោត​បាន​សម្លេង​ច្រើនជាងគេ​មិន​មាន​ឳ​កាស​បង្កើត​រដ្ឋាភិបាល​កើត​ទេ​។​

​បើភែត​ង​តា​ន​ត្រូវបាន​បោះឆ្នោត​អោយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី នោះ​ទាល់តែលោកស្រី​ត្រូវ​រក​អោយបាន​សមាជិក​សភា​និង​ព្រឹទ្ធសភា​គាំទ្រ​យ៉ាងតិច​៣៧៦ដែល​ស្មើនឹង​ជាង​ពាក់កណ្តាលនៃ​សមាជិក​សភា​ទាំង​ពីរ​រួមបញ្ចូល​គ្នា​ចំនួន​៧៥០៕