ដោយ:វ៉ៃកូ/ស្វាយរៀង: លោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២៣នេះបានអញ្ជើញចូលរួមសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវខ្លោងទ្វារនិងសមិទ្ធផលនានានៅវត្តទួលសីមាហៅវត្តប្រមាស្ថិតក្នុងភូមិកំពោតស្គា សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថា វិស័យព្រះពុទ្ធសាសនាក្នុងក្រុងបាវិតកំពុងមានវត្តចំនួន ១៩ ព្រះសង្ឃចំនួន ២១៨ អង្គហើយគ្រប់វត្តបានកសាងទីគោរពសក្ការៈបូជានិងសមិទ្ធផលនានាជាច្រើន។ចំណែកវត្តទួលសីមាហៅវត្តប្រមាបានកសាងឡើងនៅថ្ងៃទី ១៧ ខែ មករាឆ្នាំ ១៩៩៧។

ក្រោមគំនិតដឹកនាំរបស់ព្រះគ្រូចៅអធិការវត្តពុទ្ធបរិស័ទរួមនិងសប្បុរសជននានាបានកសាងខ្លោងទ្វារវត្តដោយចំណាយថវិកាចំនួន ៩.៥០០ ដុល្លារនិងសមិទ្ធផលនានាជាច្រើនទៀតដែលត្រូវបានរៀបចំពិធីសម្ពោធដើម្បីទុកជាគុណប្រយោជន៍៕សរន / N