ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍,ដឹ ណេសិន)៖ បុរសម្នាក់បានធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះនៅក្នុងខេត្តណាខន ណាយ៉ុក(Nakhon Nayok)នៅភាគកណ្តាលប្រទេសកាលពីថ្ងៃ១៤មករា ក្នុងបំណងទៅកាន់ខេត្តសាទូន(Satun)នៅភាគខាងត្បូងដើម្បីសុំមិត្តស្រីរបស់គាត់រៀបការនៅថ្ងៃនៃក្តីស្រឡាញ់១៤កុម្ភៈ។
ខេត្តទាំងពីរមានចម្ងាយជិត១.២០០គីឡូម៉ែត្រពីគ្នា ហើយបើបើកបរយានយន្តត្រូវចំណាយពេលប្រមាណ១៦ម៉ោង តែបើដើរត្រូវចំណាយយ៉ាងតិចក៏២០០ម៉ោង បើមិនគិតការឈប់សម្រាក។
លោក ស៊ូថេប «មែវ» ប្រូមហ្ស៊ីត(Suthep “Maew” Promjit)បាននិយាយថា« ខ្ញុំចង់អោយអ្នកដែលករំលោភគ្រួសាររបស់គេ មនុស្សជាទីស្រឡាញ់របស់គេព្រមទាំងអ្នកមិនមានចិត្តស្មោះនឹងប្រពន្ធរបស់គេ ចាប់អារម្មណ៍នឹងដំណើរមួយនេះ»។
គិតត្រឹមថ្ងៃសៅរ៍ទី១១កុម្ភៈ លោកបានធ្វើដំណើរបានចំងាយ១.១០០គីឡូម៉ែត្រនិងបានទៅដល់ខេត្តត្រាង(Trang)ជាមួយមិត្តភ័ក្តិអាយុ៥០ឆ្នាំម្នាក់ដែលបានរួមដំណើរជាមួយលោករឺម៉កកង់បីរបស់គាត់។
លោកស៊ូថេប នឹងអាចទៅដល់ផ្ទះមិត្តស្រីថាណាផា ឃីអរអន(Thanapa Khiaw-on)ប្រហែលជាថ្ងៃអង្គារទី១៤កុម្ភៈចំទិវានៃក្តីស្រឡាញ់(Valentine’s Day)តែម្តង។
សូមបញ្ជាក់ថា គូស្នេហ៍វ័យ៥៦ឆ្នាំទាំងពីរនេះបានជួបគ្នាតាមTikTokកាលពីប្រាំឆ្នាំមុន។
លោកស៊ូថេប បាននិយាយថាលោកស្រកទម្ងន់អស់១៧គីឡូចាប់តាំងពីពេលចាប់ផ្តើមការធ្វើដំណើរ។ទោះជាសល់តែ៤០គីឡូក្រាម ក៏លោកសប្បាយរីករាយដោយសារតែដំណើរដ៏លំបាកបែបនេះបញ្ជាក់សេចក្តីស្រឡាញ់ចំពោះអនាគតភរិយារបស់លោក៕
លោកស៊ូថេប មែវ ប្រូមហ្ស៊ីត បានចេញពីផ្ទះកាលពីថ្ងៃ១៤មករា និងគិតត្រឹមថ្ងៃ១១កុម្ភៈ លោកដើរបាន១.១០០គីឡូម៉ែត្រ ទៅដល់ខេត្តត្រាងភាគខាងត្បូងប្រទេស