ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចឱ្យក្រសួងព័ត៌មានលុបចោល អាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD)និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ ថ្ងៃទី១៣ខែកុម្ភៈស្អែកនេះ។ ប្រតិកម្មនេះបន្ទាប់
ពីសម្ដេចតេជោបានទទួលលិខិតមួយច្បាប់ពីនាយិកាវិទ្យុវីអូឌី នៅល្ងាចថ្ងៃទី ១២ ខែកុម្ភៈ។
លើទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរថា” តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ?សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ”។
សំណេរបន្តថា តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ ស៊ីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសតួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺហ៊ុនម៉ាណែតដែលគាត់ពុំបានដឹងរឿងអ្វីសោះ។តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។
សម្ដេចតេជោបន្តថា ដើម្បីកុំឱ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យ ជំនួសឱ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនឹងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០:០០ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។
សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។
យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។សូមមិត្តភក្តិបរទេស ដែលផ្តល់លុយឱ្យវិទ្យុនេះបង្វិលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕សរន / N