ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បើតាមលោកវរសេនីយ៍ ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ នេះថាៈ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៣និង៣០នាទី រសៀល មានប្រជាពលរដ្ឋម្នាក់ រាយការណ៍មកឱ្យ សមត្ថកិច្ចយើង ចុះទៅពិនិត្យ និងយកគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីសម័យសង្គ្រាម ដើម្បីបញ្ចៀសពីការផ្ទុះគ្រឿងចក្រ ភ្ជួររាស់ និងប៉ះពាល់ដល់ជីវិត ប្រជាពលរដ្ឋ ដូចកាលពីឆ្នាំមុន។
លោកវរសេនីយ៍ ជា ស្លូញ បានឱ្យដឹងថាៈ ប្រជាពលរដ្ឋម្នាក់នោះ ឈ្មោះ ហុិន យាន ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិថ្មី ឃុំតាផូ បានយកគ្រឿងចក្រ ជីកប្រឡាយទឹក នៅវាលស្រែ ហើយបានប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចាស់ ដែលបន្សល់ពី សម័យសង្គ្រាម ។
លោកបានបន្តថាៈ ដោយសារនៅក្បែរនោះ កាលពីឆ្នាំទៅ មានករណីត្រាក់ទ័រភ្ជួរដី ប៉ះផ្ទុះមីនតោន ទើបពលរដ្ឋខាងលើ បានប្រញាប់ទូរស័ព្ទ មករាយការណ៍ដល់សមត្ថកិច្ច
ដើម្បីទៅយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនោះ ដែលគ្រាប់មីន ប្រភេទ ៦៩ ម.ម ចំនួន ២ គ្រាប់ នៅចំណុចអូរត្រពាំងតាទួន នៅទិសនិរតីនៃភូមិថ្មី ។
លោកបានបញ្ជាក់ថាៈ កម្លាំងនគរបាលប៉ុស្តិ៍ ក៏បានសហការនឹង អង្គការបោសសម្អាតមីន ហេឡូ ត្រាស់ ដើម្បីយកទៅកំទេច ចោល តែម្ដង៕ V / N