ដោយៈបូព៌ព្រឹក្ស,តារារិទ្ធ/ភ្នំពេញ៖សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថាសម្ដេចមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីឡើយ។សម្ដេចបានលើកជាសំណួរថាហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ?។ការបញ្ជាក់ដូចនេះបន្ទាប់ពីកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈសម្ដេចតេជោបានសម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណនិងបញ្ចប់ការផ្សាយរបស់វិទ្យុវីអូឌី (VOD)ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ។

សម្ដេចតេជោហ៊ុនសែនព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣សរសេរលើទំព័រហ្វេសប៊ុកថា”យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺណាស់ទៅឬក្រោយត្រូវមួយកំផ្លៀង?”។

សម្ដេចបន្តថា”មុនត្រូវមួយកំផ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ខ្ញុំហ៊ុនសែននាយករដ្ឋមន្ត្រី នៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ”។

សម្ដេចតេជោបញ្ជាក់ថា ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ ដោយគ្មានការកែប្រែ។សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែល កសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ៕សរន