​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នៅ​ពី​ម៉ោង​ជិត​៧ ដល់​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃទី​១៣ ខែកុម្ភ​: ឆ្នាំ​២០២៣ នេះ​អគ្គីភ័យ​បាន​នឹង​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​លើផ្ទះ​ពលរដ្ឋ​ជាប់ៗ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៥ ខាងត្បូង ឬ​ម្ខាង​ផ្លូវ​ទល់មុខ​ធនាគារ​អេស៊ីលីដា​ក្រុង​ប៉ោយប៉ែត ក្នុងភូមិ​អូរជ្រៅ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ជាមួយគ្នានេះ កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ ទាហាន មន្ត្រី​អាជ្ញាធរ ក្រុម​សង្គ្រោះ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជាង​១០​គ្រឿង​ក៏បាន​នឹង​កំពុង​ពន្លត់ និង​បញ្ជូន​បន្ថែម​ពី​ខេត្ត និង​ស្រុក​ក្រុង​នានា​ដើម្បី​ជួយ​អន្តរាគមន៍ ។​

​ប្រភព​អ្នកឃើញ​ហេតុការណ៍ និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា ភ្លើង​បានចាប់ផ្តើម​ឆេះ​ចេញពីផ្ទះ​តៀម​របស់​ឈ្មោះ​លី តៀង​សេង លក់​គ្រឿង​អគ្គីសនី អេឡិចត្រូនិក រាល​ទៅដល់​ផ្ទះ​ជិតខាង​មួយចំនួនទៀត ដែលជា​ប្លុក​លំនៅឋាន និង​ហាង​អាជីវកម្ម​ដ៏​មមាញឹក​មួយ​ដែរ​ក្នុង​ក្រុង ។ ទោះជា​យ៉ាងណា មន្ត្រី​ថា ព័ត៌មាន​បឋម​នេះ​នឹងត្រូវ​ផ្ទៀងផ្ទាត់​ក្នុងពេល​បន្ទាប់ ។​

​ជាបន្ទាន់​នេះ គេ​ឃើញ​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​មន្ត្រី​កងកម្លាំង​ទាំង​៣​ប្រភេទ ក្រុម​អ្នក​ជួយសង្គ្រោះ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ផ្នែក​ឯកជន ក៏បាន​ទៅដល់​និង​ដឹកនាំ​ប្រតិបត្តិការ ៕​/R