​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យន្តហោះ​ចម្បាំង​អាម៉េរិក​មួយ​គ្រឿង​បាន​បាញ់​ទម្លាក់​វត្ថុ​ហោះ​មួយ​ផ្សេង​ទៀត​កាលពី​ថ្ងៃអាទិត្យ​ទី​១២​កុម្ភៈ ដែល​លើក​នេះ​គឺ​ហោះ​ពីលើ​បឹង​ហ៊ូ​រ៉ុន (Huron)​នៅតាម​​ព្រំដែន​អាម៉េរិក​-​កាណាដា​ដែល​នេះ​ជា​លើក​ទី​បួន​ហើយ​នៅក្នុង​ករណី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់​ដែល​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការបាញ់​ទម្លាក់​បា​ឡុង​ចារកម្ម​ចិន​សង្ស័យ​មួយ​កាល​ពី​មួយ​សប្តាហ៍​មុន​។​

​អាម៉េរិក​បាន​កំពុង​ឃ្លាំ​មើល​ផ្ទៃមេឃ​យ៉ាង​មមាញឹក ខណៈ​ការ​លុកលុយ​ដ៏​អាថ៌កំបាំង​ជាច្រើន​បាន​លេចឡើង​ក្នុងពេល​កំពុង​មាន​ភាព​តានតឹង​ដ៏​ស្រួចស្រាល់​ជាមួយ​ចិន​បើទោះបីជា​មាន​វត្ថុ​តែ​មួយ​ប៉ុណ្ណោះ​​ដែល​ត្រូវបាន​សន្មត​ថា​ជា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា ប្រធានាធិបតី ចូ បៃ​ដិន បាន​បញ្ជា​ឱ្យ​យន្តហោះ​ចម្បាំង F-16 មួយ​គ្រឿង​បាញ់​ទម្លាក់​វត្ថុ​ចុងក្រោយ​បំផុត​នេះ “​ដើម្បី​ជា​ការប្រុងប្រយ័ត្ន​”​។​

​ក្រុមមន្ត្រី​បាន​និយាយថា ឧបករណ៍​ថ្មី​នេះ ដែល​គេ​ពណ៌នា​ថា​ជា​រចនា​សម្ពន្ធ​រាង​អដ្ឋ​កោន​ជាមួយ​ខ្សែ​ព្យួរ​ពីលើ មិន​ត្រូវបាន​ចាត់ទុក​ជា​ការគំរាមកំហែង​ផ្នែក​យោធា​ចំពោះ​អ្វីៗ​នៅលើ​ដី​នោះ​ទេ​ប៉ុន្តែ​វា​អាច​​បង្ក​គ្រោះថ្នាក់​ដល់​អាកាសចរណ៍​ស៊ីវិល ខណៈ​វា​ហោះ​នៅ​កម្ពស់ ៦.០០០ ម៉ែត្រ​ពី​លើ​រដ្ឋ​មី​ស៊ី​ហ្គែ​ន​។​

​មន្ត្រី​រូប​នោះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា “​យើង​មិន​មាន​ភស្តុតាង​បង្ហាញថា​វា​មាន​សមត្ថភាព​ឈ្លបយកការណ៍​នោះទេ ប៉ុន្តែ​យើង​ក៏​មិន​អាច​ច្រាន​វា​ចោល​នោះ​ដែរ​”​។​

​ដោយ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​នៃ​ការប្រុងប្រយ័ត្ន​ខ្ពស់ អាជ្ញាធរ​អាម៉េរិក​បាន​បិទ​ដែនអាកាស​មួយរយៈ​ខ្លី​នៅ​លើ​បឹង​នៅ​រដ្ឋ​មី​ស៊ី​ហ្គែ​ន​នេះ​កាលពី​ថ្ងៃអាទិត្យ​មុន​ពេល​វត្ថុ​ចុងក្រោយ​បំផុត​នេះ​ត្រូវបាន​​បាញ់​ទម្លាក់​នៅ​កៀក​ព្រំដែន​កាណាដា​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បញ្ជាការ​អវកាស​អាម៉េរិក NORAD បាន​តាមដាន​វត្ថុ​ថ្មី​នេះ​ដោយ​ការមើល​នឹង​ភ្នែក​និង​ដោយ​រ៉ា​ដា ហើយ​វា​ត្រូវ​បាន​បាញ់​ទម្លាក់​ពីលើ​បឹង “​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់​មនុស្ស​នៅលើ​ដី ខណៈ​រក្សា​ឱកាស​សម្រាប់​ស្រង់​យក​កម្ទេចកម្ទី​ទាំងនោះ​”៕