ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់កាលពីថ្ងៃអាទិត្យទី១២កុម្ភៈចំពោះបរាជ័យក្នុងការផ្តល់ជំនួយដែលត្រូវការយ៉ាងខ្លាំងទៅកាន់តំបន់ហែកហួរដោយសង្គ្រាមនៃប្រទេសស៊ីរី ខណៈព្រមានថា ចំនួនអ្នកស្លាប់ជាង ៣៣.០០០ នាក់ពីរញ្ជួយដីដែលបានវាយប្រហារតួកគីដែរនោះ នឹងកើនឡើងខ្ពស់ជាងនេះទៅទៀត។
ក្បួនរថយន្តរបស់អ.ស.បដែលមានគ្រឿងផ្គត់ផ្គង់សម្រាប់ស៊ីរីភាគពាយព្យបានមកដល់តាមរយៈប្រទេសតួកគី ប៉ុន្តែប្រធានទីភ្នាក់ងារផ្តល់ជំនួយលោក ម៉ាទីន ហ្គ្រីហ្វហ្វ៊ីត (Martin Griffiths) បាននិយាយថា ជំនួយច្រើនទៀតគឺត្រូវការចាំបាច់សម្រាប់មនុស្សរាប់លាននាក់ ដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ។
លោកហ្គ្រីហ្វហ្វ៊ីតបាននិយាយនៅលើ Twitter ថា “រហូតមកដល់ពេលនេះ ពួកយើងបានបរាជ័យចំពោះប្រជាជននៅភាគពាយព្យប្រទេសស៊ីរីហើយ។ ពួកគេច្បាស់ជាមានអារម្មណ៍ត្រូវគេបោះបង់ចោល។ ខំព្យាយាមស្វែងរកជំនួយអន្តរជាតិ ដែលមិនទាន់មកដល់”។
ដោយវាយតម្លៃការខូចខាតនៅភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃសៅរ៍ នៅពេលដែលចំនួនអ្នកស្លាប់មានចំនួន ២៨.០០០ នាក់ លោកហ្គ្រីហ្វហ្វ៊ីតបានប្រាប់ Sky Newsថាលោករំពឹងចំនួនអ្នកស្លាប់នឹង “កើនឡើងទ្វេដង” ដោយសារតែឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិតកាត់តែថយចុះទៅតាមថ្ងៃដែលកន្លងទៅ។
ការផ្គត់ផ្គង់ជំនួយមានភាពយឺតយ៉ាវចំពោះស៊ីរី កន្លែងដែលជម្លោះជាច្រើនឆ្នាំបានបំផ្លាញប្រព័ន្ធថែទាំសុខភាព ហើយផ្នែកខ្លះនៃប្រទេសនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី បាសា អាល់អាសាត ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFPបានឱ្យដឹងថា ក្បួនរថយន្តចំនួន ១០គ្រឿងរបស់អ.ស.បបានឆ្លងកាត់ទៅកាន់ភាគពាយព្យប្រទេសស៊ីរីតាមច្រកព្រំដែនបាបអាល់ហាវ៉ា (Bab al-Hawa)ដោយផ្ទុកនូវសម្ភារៈសម្រាប់ទីជម្រក រួមមាន ក្រណាត់កៅស៊ូ ខ្សែពួរ វីស និងដែកគោល ព្រមទាំងភួយ ពូក និងកំរាលព្រំផងដែរ។
បាបអាល់ហាវ៉ាគឺជាចំណុចតែមួយគត់សម្រាប់ជំនួយអន្តរជាតិទៅដល់ប្រជាជននៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៃប្រទេសស៊ីរី បន្ទាប់ពីសង្គ្រាមស៊ីវិលជិត ១២ ឆ្នាំបន្ទាប់ពីច្រកឆ្លងកាត់ផ្សេងទៀតត្រូវបានបិទក្រោមសម្ពាធពីចិននិងរុស្ស៊ី។
ប្រធានអង្គការសុខភាពពិភពលោកបានជួបលោកអាសាតក្នុងទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ ហើយបាននិយាយថាមេដឹកនាំស៊ីរីបានសម្តែងការត្រៀមខ្លួនសម្រាប់ការឆ្លងកាត់ព្រំដែនបន្ថែមទៀតដើម្បីជួយនាំយកជំនួយទៅកាន់ភាគពាយព្យដែលកាន់កាប់ដោយក្រុមឧទ្ទាម។
ប្រមុខ WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់អ្នកយកព័ត៌មានថា “គាត់បើកចំហដើម្បីពិចារណាចំណុចឆ្លងកាត់ព្រំដែនបន្ថែមសម្រាប់ជំនួយសង្គ្រោះបន្ទាន់”៕
ប្រជាជនស៊ីរីរាប់លាននាក់ពុំទាន់ទទួលបានជំនួយសង្គ្រោះនៅឡើយទេ ក្រោយរញ្ជួយដីវាយប្រហារកាលពីថ្ងៃចន្ទសប្តាហ៍មុន