ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេដឹកនាំនិងមន្ត្រីជាន់ខ្ពស់រាប់សិបនាក់មកពីបណ្តាប្រទេសអារ៉ាប់និងអ៊ីស្លាមបានព្រមានកាលពីថ្ងៃអាទិត្យទី១២កុម្ភៈថាសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងទីក្រុងហ្ស៊េរុយសាឡិមនិងតំបន់ដែលខ្លួនកាន់កាប់វេសប៊ែងអាចធ្វើឱ្យចលាចលក្នុងតំបន់កាន់តែអាក្រក់ ខណៈអំពើហិង្សាបានកើនឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
កិច្ចប្រជុំនៅទីក្រុងគែរកាលពីថ្ងៃអាទិត្យត្រូវបានរៀបចំឡើងដោយសម្ពន្ធអារ៉ាប់ និងមានការចូលរួមដោយប្រធានាធិបតី អាប់ឌែល ហ្វាតតា អែលស៊ីសស៊ី (Abdel Fattah el-Sissi) នៃប្រទេសអេហ្ស៊ីប ស្តេចអាប់ឌុលឡាទី២ (Abdullah II)នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូត អាប់បាស (Mahmoud Abbas)រួមជាមួយរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
មេដឹកនាំនៅក្នុងកិច្ចប្រជុំនេះបានថ្កោលទោស “វិធានការឯកតោភាគី” របស់អ៊ីស្រាអែលនៅក្នុងទីក្រុងហ្ស៊េរុយសាឡិមនិងតំបន់វេសប៊ែងនៅក្នុងសេចក្តីថ្លែងការណ៍មួយរួមទាំងការរុះរើផ្ទះនិងការពង្រីកការតាំងទីលំនៅ។
ពួកគេក៏បានថ្កោលទោសផងដែរចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីអ៊ីស្រាអែលទៅកាន់ទីតាំងដ៏បរិសុទ្ធដែលប្រទាញប្រទង់គ្នាក្នុងទីក្រុងហ្ស៊េរុយសាឡិមដែលជាកន្លែងពិសិដ្ឋសម្រាប់ទាំងជនជាតិជ្វីហ្វនិងមូស្លីម ហើយជារឿយៗជាចំណុចកណ្តាលនៃភាពចលាចលរបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីន។
មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលអ៊ីស្រាអែលនោះទេ។
ក្រុមមន្ត្រីក៏បានសម្តែងការគាំទ្រចំពោះតួនាទីរបស់ហ្ស៊កដានីក្នុងនាមជាអ្នកថែរក្សាវិហារអ៊ីស្លាមអាល់អាក់សា (Al-Aqsa) ជាកន្លែងដ៏ពិសិដ្ឋបំផុតទីបីនៅក្នុងសាសនាអ៊ីស្លាមផងដែរ។
វិហារអ៊ីស្លាមនេះត្រូវបានសាងសង់នៅលើកំពូលភ្នំក្នុងទីក្រុងចាស់នៃក្រុងហ្ស៊េរុយសាឡិម ជាកន្លែងពិសិដ្ឋបំផុតសម្រាប់ជនជាតិជ្វីហ្វ ដែលហៅវាថាជាប្រាសាទភ្នំដោយសារតែវាជាទីតាំងនៃប្រាសាទរបស់ជនជាតិជ្វីហ្វក្នុងសម័យបុរាណ។
តាំងពីអ៊ីស្រាអែលបានដណ្តើមយកទីតាំងនេះក្នុងឆ្នាំ១៩៦៧ ជនជាតិជ្វីហ្វត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ប៉ុន្តែមិនអធិស្ឋាននៅទីនោះទេ។ អ៊ីស្រាអែលទាមទារយកទីក្រុងហ្ស៊េរុយសាឡិមទាំងមូលជារដ្ឋធានីមិនមានការបែងចែក ខណៈប៉ាឡេស្ទីនចង់បានទីក្រុងហ្ស៊េរុយសាឡិមខាងកើតជារដ្ឋធានីនៃរដ្ឋអនាគតរបស់ខ្លួន។
លោក អែល ស៊ីសស៊ី បានព្រមានពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិធានការរបស់អ៊ីស្រាអែលក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៃទីតាំងវិហារនេះ ដោយនិយាយថា វិធានការទាំងនោះនឹង “ជះឥទ្ធិពលអវិជ្ជមាន” លើការចរចានាពេលអនាគត ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
លោកបាននិយាយថា វិធានការបែបនេះនឹងរារាំងដល់ការស្វែងរកដំណោះស្រាយរដ្ឋពីរចំពោះជម្លោះ ដែលនឹងធ្វើឱ្យ “ភាគីទាំងពីរនិងមជ្ឈិមបូព៌ាទាំងមូលមានជម្រើសដ៏លំបាកនិងធ្ងន់ធ្ងរ”។
លោក អាម៉េត អាំប៊ុល ហ្គេអ៊ីត (Ahmed Aboul-Gheit) អគ្គលេខាធិការនៃអង្គការ Pan-Arab ក៏បានព្រមានដែរថា ការប៉ុនប៉ងបំបែកវិហារអ៊ីស្លាមអាល់អាក់សានិងលុបបំបាត់អត្តសញ្ញាណអារ៉ាប់និងអ៊ីស្លាម “នឹងបង្កចលាចលនិងអំពើហិង្សាគ្មានទីបញ្ចប់”។
លោកអាប់បាស ប្រធានាធិបតីប៉ាឡេស្ទីន បាននិយាយថា រដ្ឋបាលរបស់លោកនឹងងាកទៅរកអង្គការសហប្រជាជាតិនិងទីភ្នាក់ងាររបស់អ.ស.ប ហើយទាមទារសេចក្តីសម្រេចចិត្តមួយដើម្បីការពារដំណោះស្រាយរដ្ឋពីរចំពោះជម្លោះ។
លោកបាននិយាយថា “រដ្ឋប៉ាឡេស្ទីននឹងបន្តទៅកាន់តុលាការអន្តរជាតិនិងអង្គការនានាដើម្បីការពារសិទ្ធិស្របច្បាប់របស់ប្រជាជនយើង”៕
កិច្ចប្រជុំនៅទីក្រុងគែរកាលពីថ្ងៃអាទិត្យត្រូវបានរៀបចំឡើងដោយសម្ពន្ធអារ៉ាប់