ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣(Camsoc) បានដាក់កាលបរិច្ឆេទ រួចហើយ សម្រាប់ការកោះហៅកីឡាករ កីឡាការិនី ដែលមានឈាមជ័រជាខ្មែរ ហើយកំពុងរស់នៅក្រៅស្រុក ឲ្យធ្វើដំណើរមក ស្រុកខ្មែរ ក្នុងអំឡុងខែមីនា ដើម្បីហ្វឹកហាត់ និងធ្វើតេស្តលើសមត្ថភាព។
ក្នុងខណៈដែលកម្ពុជា កំពុងប្រមូលកីឡាក្រៅស្រុកនោះ វៀតណាម បានប្រកាសថា សម្រាប់ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា វៀតណាម នឹងរកមេដាយមាស ឱ្យបាន ១០០ គ្រឿង។
លោក Dang Ha Viet នាយករដ្ឋបាលក្រសួងកីឡាវៀតណាម បាននិយាយថាៈ កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាមនោះ វៀតណាម រកបានមេដាយមាស ចំនួន ២០៥ គ្រឿង ដោយឈរនៅកំពូលតារាង។
លោកបានបន្តទៀតថាៈ សម្រាប់ស៊ីហ្គេមប្រកួតលើទឹកដីខ្លួនឯង យើងធ្វើបានល្អ យើងរីករាយនឹងគុណសម្បត្តិនេះ។ តែស៊ីហ្គេមលើកទី៣២ នៅកម្ពុជាវិញ ម្ចាស់ផ្ទះ បានកាត់បន្ថយនូវប្រភេទកីឡាខ្លាំងៗរបស់យើង និងកាត់បន្ថយវិញ្ញាសាជាច្រើន។ ទោះយ៉ាងណា យើងជាក្រុមខ្លាំង ក្នុងតំបន់យើង អាចពិតជារក្សាបាននូវតំណែងកំពូល។
ចំពោះប្រទេសហ្វីលីពីន បានបញ្ចេញនូវបញ្ជីឈ្មោះ ក្រុមបាល់ទះរបស់ខ្លួនដែរ ហើយ ក្រុមនេះ រំពឹងថា អាចនឹងឈរក្នុងតំណែងលេខ៥។ ក្រុមហ្វីលីពីន ធ្លាប់ប្រជែងបានមេដាយ ប្រាក់ កាលខ្លួនធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០១៩។
សម្រាប់ក្រុមបាល់ទះកម្ពុជា បន្ទាប់ពីប្រជែងបានមេដាយសំរិទ្ធ កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាមនោះ កំពុងតែសម្លឹងរកមេដាយមាស នាស៊ីហ្គេមលើកនេះ។ កម្ពុជា កំពុងតែ ស្វែងរកដៃគូប្រកួត ពីបណ្ដាប្រទេសអឺរ៉ុប ក្នុងទ្វីបអាស៊ី និងក្នុងតំបន់។ នៅពេលខាងមុខនេះ ក្រុមកម្ពុជា នឹងប្រកួតជាមិត្តភាព ជាមួយក្រុមជម្រើសជាតិយុវជនបារាំង បន្ទាប់ពីកម្ពុជា ប្រកួតជាមិត្តភាពឈ្នះ ក្រុមជម្រើសជាតិសឹង្ហបូរី និងជម្រើសយុវជនគុយបា មកនោះ។
សម្រាប់ប្រទេសម៉ាឡេស៊ី និយាយដោយឡែក សម្រាប់ប្រភេទកីឡាវូស៊ូ លោក Chong Kim Fatt ប្រធានសហព័ន្ធកីឡាវីស៊ូ ម៉ាឡាស៊ី បាននិយាយថាៈ ប្រភេទកីឡានេះ លោកកំណត់យកមេដាយមាស តែមួយគ្រឿងប៉ុណ្ណោះ។
ចំពោះឥណ្ឌូណេស៊ីវិញ បានបង្ហាញពីឆន្ទៈក្នុងការបន្ថែមកីឡាករ ចូលសញ្ជាតិមួយរូបទៀត ទៅក្នុងក្រុមបាល់បោះរបស់ខ្លួន។ ឥណ្ឌូណេស៊ី ជាម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី៣១ នៅវៀតណាម៕/V-PC